ប្រធានអង្គការណាតូ ដែលជិតផុតអាណត្តិ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃចន្ទ (១៦ កញ្ញា) ថា លោកស្វាគមន៍កិច្ចពិភាក្សាស្តីពីការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន ដើម្បីវាយប្រហារនៅក្នុងទឹកដីរុស្ស៊ី ប៉ុន្តែការសម្រេចចិត្តណាមួយលើបញ្ហានេះនឹងត្រូវធ្វើឡើងដោយសម្ព័ន្ធមិត្តនីមួយៗរៀងខ្លួន។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានទទូចសុំសម្ព័ន្ធមិត្តជាច្រើនខែឱ្យអនុញ្ញាតឱ្យអ៊ុយក្រែនបាញ់មីស៊ីលលោកខាងលិច រួមទាំងមីស៊ីលតាកទិកកងទ័ព ATACMS រយៈចម្ងាយឆ្ងាយរបស់អាមេរិក និងស្រមោលព្យុះ Storm Shadow របស់ចក្រភពអង់គ្លេស ចូលទៅក្នុងទឹកដីរុស្ស៊ី ដើម្បីកាត់បន្ថយសមត្ថភាពវាយប្រហាររបស់ទីក្រុងមូស្គូ។

លោក Stoltenberg បានប្រាប់វិទ្យុ LBC ថា «យើងស្វាគមន៍ចំពោះការវិវឌ្ឍ និងវិធានការទាំងនេះ ប៉ុន្តែការសម្រេចចិត្តចុងក្រោយគឺស្ថិតលើសម្ព័ន្ធមិត្តរៀងខ្លួនព្រោះយើងមានគោលនយោបាយផ្សេងៗគ្នាលើរឿងនេះ»។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និងប្រធានាធិបតីអាមេរិក លោក Joe Biden បានជួបពិភាក្សាគ្នានៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រ លើថាតើត្រូវអនុញ្ញាតឱ្យទីក្រុងគីវ ប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយប្រឆាំងនឹងគោលដៅនៅក្នុងរុស្ស៊ី ឬយ៉ាងណា ប៉ុន្តែពុំមានការសម្រេចចិត្តណាមួយត្រូវបានប្រកាសទេ។

មន្ត្រីអាមេរិកមួយចំនួនមានការងឿងឆ្ងល់យ៉ាងខ្លាំងថា ការអនុញ្ញាតឱ្យមានការប្រើប្រាស់មីស៊ីលបែបនេះនឹងកែប្រែស្ថានភាពសង្រ្គាមរបស់ទីក្រុងគីវប្រឆាំងនឹងទីក្រុងមូស្គូ។ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ព្រមានថា លោកខាងលិចនឹងចូលរួមក្នុងការវាយប្រហាររុស្ស៊ីដោយផ្ទាល់ ប្រសិនបើអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើមីស៊ីលរយៈចម្ងាយឆ្ងាយដែលផលិតដោយលោកខាងលិច៕