ពលរដ្ឋប៉ាឡេស្ទីនដែលភៀសខ្លួនចេញ ព្រួយបារម្ភថារដូវរងានាពេលខាងមុខ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ នឹងនាំមកនូវទុក្ខលំបាកដល់អ្នកដែលស្នាក់នៅក្នុងតង់បណ្តោះអាសន្នដែលដាច់រហែក។

នាង Umm Nofal Abu Obayda ជាម្តាយមានកូន៧នាក់ និយាយថា ទឹកភ្លៀងនៅទីក្រុង Khan Younis បានលិចចូលតង់ដែលដាច់រហែករបស់នាង លិចសម្ភារៈភាគច្រើនរបស់នាងនិងកូន ហើយ នាងមិនអាចរកអ្វីមកគ្របសម្ភារៈឲ្យបានសព្វគ្រប់ និងដណ្តប់កូនៗដើម្បីការពារនៅក្នុងរដូវរងាខាងមុខនេះទេ។

ជនភៀសខ្លួនប៉ាឡេស្ទីន លោក Ahmed Salameh បាននិយាយថា អ្វីទាំងអស់ដែលលោកស្រមៃចង់បាន គឺការបិទបាំងសមរម្យសម្រាប់តង់ ដើម្បីផ្តល់ជម្រកដល់លោក និងក្រុមគ្រួសាររបស់លោក។
ឈើទាំងអស់បានខូចខាត ហើយតង់ដាច់រហែកអស់ហើយ ពុំមានទីជម្រកសម្រាប់ជ្រកកោនទៀតទេ។
បើគេអាចបើកព្រំដែនផ្តល់តង់សម្រាប់ជ្រកកោន យើងមិនចង់បានផ្ទះល្វែង ឬអគារនោះទេ យើងគ្រាន់តែចង់ការពារខ្លួនយើងពីទឹកភ្លៀង។

ប្រជាជនធ្លាប់បន់ស្រន់សុំទឹកភ្លៀង ប៉ុន្តែពេលនេះប្រជាជន ត្រូវរងបន្ទុកដោយសារទឹកភ្លៀង ព្រោះវានាំទុក្ខលំបាកដល់ពួកគេ។