ឧត្តរមានជ័យ៖ អាជ្ញាធរស្រុកអន្លង់វែង សហការជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន បន្តធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ក្នុងការពន្លឿនការសាងសង់ស្ពានឈើថ្មីមួយកន្លែង ឱ្យរួចរាល់មុន ឱកាសបុណ្សភ្ជុំបិណ្ឌ ខណៈនេះសម្រេចបានប្រមាណ៥០ភាគរយហើយ។
ជាក់ស្ដែងនៅថ្ងៃទី១៧កញ្ញាម្សិលមិញនេះ លោកអភិបាលស្រុកអន្លង់វែងលោក ងួន ទ្ធីរិទ្ធ បានលើកឡើងថា ឈើថ្មីនេះ មានប្រវែងវែងជាង៦០ម៉ែត្រ ទទឹង៣ម៉ែត្រកន្លះ សាងសង់ឡើង ដើម្បីសម្រួលរាល់ការធ្វើដំណើរឆ្លងកាត់ដឹកកសិផលផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋចំនួនពីរឃុំ គឺត្រពាំងប្រិយ៍ និងឃុំផ្លាត់ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឲ្យបានឆាប់រួចរាល់ទាន់ ក្នុងឱកាសបុណ្សភ្ជុំបិណ្ឌខាងមុខនេះ។
លោក បានបន្ថែមទៀតថា ដោយយោងតាមតម្រូវចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងស្រុកអន្លង់វែង បានលើកឡើងនូវសំណូមពរជាច្រើនតាមវេទិការសាធារណៈកន្លងមកនោះ បច្ចុប្បន្នស្ពានឈើនេះ បានកសាងបានជាង៥០ ភាគរយហើយ និងរួចរាល់ក្នុងពេលឆាប់ៗនៅថ្ងៃខាងមុខដ៏ខ្លីនេះ។
លោកអភិបាលស្រុក បានបន្តថា សម្រាប់ការជួយឧបត្ថម្ភសាងសង់ស្ពាននេះ គឺជាគម្រោងថវិកាចំណាយទាំងស្រុងរបស់លោកផ្ទាល់ និងឯកឧត្តមអភិបាលខេត្ត និងមានការចូលរួមជួយជាកម្លាំងពលកម្មពីបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានផងដែរ។
សូមបញ្ជាក់ថា នៅតំបន់នេះ នៅពេលរដូវវស្សាម្តងៗ មានទឹកច្រើនពលរដ្ឋពុំហានធ្វើដំណើរឆ្លងកាត់នៅលើស្ពានចាស់ ដែលមានសភាពទ្រុឌទ្រោមនោះទេ ជាពិសេសប្អូនៗសិស្សានុសិស្សខកខានក្នុងការទៅរៀនផងដែរ៕




