សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអភិសេកព្រះបដិមាដែលបានវិលមកកាន់មាតុប្រទេសវិញ ព្រមទាំងបួងសួងព្រះបារមីសុំសេចក្តីសុខសេចក្តីចម្រើនជូនដល់ជាតិ និងប្រជាជនកម្ពុជា។
សូមជម្រាបថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រសួងបានរៀបចំ «ពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ដើម្បីទទួលស្វាគមន៍ការវិលត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ ជាតិដែលជាកេរដំណែលដូនតា បន្ទាប់ពីបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់រយៈពេលជាច្រើនឆ្នាំ ដែលបង្កឡើងដោយសង្គ្រាម អំពើចោរកម្ម និងការជួញដូរខុសច្បាប់ទៅក្រៅប្រទេស។
ការយាងត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរនាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាប់មិន ដាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នក ជំនាញជាតិនិងអន្តរជាតិ ព្រមទាំងជាមួយប្រទេសនានា ជាពិសេស រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈ រដ្ឋអាជ្ញាសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក, ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ និងការិយាល័យរដ្ឋអាជ្ញា សង្កាត់ម៉ាន់ហាថាន។
សម្បត្តិវប្បធម៌ខ្មែរសរុបចំនួន៧០រូបដែលទទួលនាពេលនេះ តាមរយៈការប្រគល់ដោយស្ម័គ្រចិត្ត ការ ចរចា ការរឹបអូស ការទាមទារ និងតាមផ្លូវតុលាការ បានត្រូវប្រគល់មកវិញ។ ពី៖ គ្រួសារ Lindemann, លោក James Clark និងសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក, ព្រមទាំងពីម្ចាស់សមុច្ច័យ ឯកជននានានៅសហរដ្ឋអាមេរិក។ ក្នុងចំណោមវត្ថុពិចិត្រទាំងនេះមានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញ សាសនា និងពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេសបដិមាថ្មធំៗដ៏ប្រណីតដូចជា បដិមា ទេពនៃទេវកថាមហាភារតៈ, បដិមាព្រះឥសូរ នាងឧមា និងបដិមាព្រះអឌ្ឍនារីស្វរៈ មកពីអតីតរាជធានីកោះកេរ ព្រមទាំងព្រះសិរនៃព្រះលោកេសូរ ដែលត្រូវបានផ្តុំភ្ជាប់ឡើងវិញជាមួយនឹងដងខ្លួនរបស់ព្រះអង្គស្ថិតនៅ សារមន្ទីរជាតិភ្នំពេញ ក្រោយពីបានព្រាត់ចាកឆ្ងាយពីគ្នាអស់រយៈពេលរាប់សិបឆ្នាំ ដោយសារសង្គ្រាម និងការ ជួញដូរខុសច្បាប់។
សន្ដិភាពកើតដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់ឱកាសឱ្យកម្ពុជាអាចនាំយកនូវព្រលឹងដូនតា និងរតនសម្បត្តិដ៏មានតម្លៃនានាដែលបានបាត់បង់កន្លងមកត្រឡប់មកមាតុភូមិកំណើតវិញជាបន្តបន្ទាប់ ដែលជាការជួបជុំគ្នាឡើងវិញនៃមហាគ្រួសារខ្មែឬ និងជាមង្គលសម្រាប់ជាតិ និងប្រជាជនកម្បូជា។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តនូវគោលនយោបាយជាប្រវត្តិសាស្ត្រនេះ ប្រកបដោយការប្តេជ្ញាចិត្ត ខ្ពស់ក្នុងការការពារ ទប់ស្កាត់ ការចរាចរ និងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌ ក៏ដូចជាការស្វែងរក និង ទាមទារយកមកវិញនូវមរតកវប្បធម៌ជាតិ ដើម្បីទុកជាកេរដំណែលវប្បធម៌និងអត្តសញ្ញាណជាតិសម្រាប់កូនខ្មែរ ជំនាន់ក្រោយ។















