ឆ្មាំល្បាតឆ្នេរអាមេរិក កាលពីថ្ងៃចន្ទ (១៦ កញ្ញា) បានចាប់ផ្តើមសវនាការលើការផ្ទុះនាវាមុជទឹកទេសចរណ៍ឯកជន ទីតាន (Titan) ដែលបានសម្លាប់មនុស្ស ៥នាក់ក្នុងការធ្វើដំណើរទៅមើលកប៉ាល់ទីតានិក កាលឆ្នាំ២០២៣។

ក្រុមឆ្មាំល្បាតឆ្នេរ បានបង្កើតវីដេអូត្រាប់តាមមួយ (Animation) ដោយប្រើទិន្នន័យគាំទ្ររបស់ Titan រួមទាំងការទំនាក់ទំនងជាអក្សរទាំងអស់ក្នុងអំឡុងពេលមុជទឹក។ សក្ខីកម្មរបស់អតីតបុគ្គលិកជាច្រើនបានបង្ហាញពីកង្វល់សុវត្ថិភាព និងបានគូសបញ្ជាក់ពីការបណ្តុះបណ្តាលមិនគ្រប់គ្រាន់របស់បុគ្គលិក ហើយក៏ពណ៌នាពីស្ថាបនិកក្រុមហ៊ុន គឺលោក Stockton Rush ដែលបានស្លាប់ក្នុងឧបទ្ទវហេតុនេះ ថាមានការធ្វេសប្រហែស។

សវនាការរយៈពេលពីរសប្តាហ៍នៅទីក្រុង Charleston រដ្ឋ South Carolina មានបំណងស្វែងរកមូលហេតុនៃគ្រោះថ្នាក់ នឹងជីកកាយភស្តុតាងទៅលើថាតើមានកំហុសឆ្គងអ្វីនៅពេលនោះ និងការបរាជ័យផ្នែកណាបានរួមចំណែកដល់គ្រោះថ្នាក់ ដែលទទួលបានការចាប់អារម្មណ៍ទូទាំងពិភពលោកនេះ។
នាវាមុជទឹក ដែលមានទំហំប៉ុនរថយន្តស្ព័រមួយគ្រឿងនោះ ត្រូវគេជឿថាបានផ្ទុះក្នុងអំឡុងពេលបេសកកម្មរបស់ខ្លួននៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។ យាន Titan បានបាត់បង់ទំនាក់ទំនងប្រហែលមួយ ១ម៉ោង៤៥នាទី បន្ទាប់ពីការមុជចូលទៅក្នុងមហាសមុទ្រ ហើយការជួយសង្គ្រោះរយៈពេលជាច្រើនថ្ងៃដែលបានទាក់ទាញការតាមដានពីពិភពលោកបានកើតមានឡើង មុនពេលការបរាជ័យរបស់ Titan ត្រូវបានបញ្ជាក់នៅថ្ងៃទី២២ ខែមិថុនា។
ជនរងគ្រោះត្រូវគេសន្មត់ថាបានស្លាប់ភ្លាមៗនៅក្នុងគ្រោះថ្នាក់ដ៏សោកសៅនោះដែលបានកើតឡើងក្រោមសម្ពាធដ៏ខ្លាំងក្លានៃមហាសមុទ្រអាត្លង់ទិកខាងជើង ក្នុងជម្រៅជិត ៤គីឡូម៉ែត្រ។ កម្ទេចកម្ទីរបស់យានមួយចំនួនត្រូវបានរកឃើញចម្ងាយ ៥០០ម៉ែត្រពីយុថ្កានៃកប៉ាល់ទីតានិក ដែលនៅចម្ងាយប្រហែល ៦៤៣គីឡូម៉ែត្រពីឆ្នេរសមុទ្រខេត្ត Newfoundland របស់កាណាដា៕