ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីបង្កើនទំហំយោធារបស់ប្រទេសលោក ពីចំនួនទាហាន១៨០.០០០នាក់ ដល់១,៥លាននាក់។

វិមានក្រឹមឡាំង និយាយថា លោក ពូទីន បានចុះហត្ថលេខាលើក្រឹត្យនេះ កាលពីថ្ងៃចន្ទ ហើយវានឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ។ ចំណាត់ការ បានធ្វើឡើង ខណៈរុស្ស៊ីប្រឈមមុខទៅនឹងតម្រូវការក្នុងការបង្កើនចំនួនកងទ័ពរបស់ខ្លួន ក្នុងពេលការវាយលុកលើអ៊ុយក្រែន ដែលនៅតែបន្ត រយៈពេលជាងពីរឆ្នាំកន្លះ មកនេះ។
លោក ពូទីន បានចុះហត្ថលេខាលើក្រឹត្យដែលស្រដៀងគ្នា កាលពីខែធ្នូឆ្នាំមុន។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនិយាយថា នេះជាលើកទីបីហើយដែលទំហំកងទ័ពត្រូវបានបង្កើន ចាប់តាំងពីការវាយលុកចាប់ផ្តើម។ កងកម្លាំងអ៊ុយក្រែន បានបន្តការវាយលុកឆ្លងព្រំដែននៅតំបន់ Kursk ភាគខាងលិចរបស់រុស្ស៊ី។

ក្រសួងការពារជាតិចក្រភពអង់គ្លេស បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពនៃការស៊ើបការណ៍របស់ខ្លួនថា អ៊ុយក្រែន នៅតែរក្សាការគ្រប់គ្រងលើផ្ទៃដីប្រហែល៨០០ទៅ៩០០គីឡូម៉ែត្រក្រឡា នៅក្នុងតំបន់។ តួលេខនេះ គឺតិចជាងអ្វីដែលអ៊ុយក្រែនបានអះអាង។ ទីក្រុងគីវ បាននិយាយថា ខ្លួនដណ្តើមយកបានទឹកដីរុស្ស៊ីប្រហែល ១.៣០០ គីឡូម៉ែត្រក្រឡា គិតត្រឹមចុងខែសីហា។
រុស្ស៊ី ត្រូវបានគេនិយាយថានឹងបន្តការវាយលុកប្រឆាំងរបស់ខ្លួននៅតំបន់ Kursk ។ ក្រសួងការពារជាតិរុស្ស៊ី និយាយកាលពីថ្ងៃចន្ទថា កងកម្លាំងរបស់ខ្លួន ដណ្តើមបានការគ្រប់គ្រងភូមិចំនួនពីរបន្ថែមទៀត។ នោះនាំឱ្យចំនួននៃទីតាំងលំនៅដែលទីក្រុងមូស្គូអះអាង ថាបានដណ្តើមយកមកវិញ មានចំនួនរហូតដល់១២ ទីតាំង។