មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអ៊ុយក្រែន និយាយថា ប្រទេសរបស់លោក បានចាប់ផ្តើមផលិតក្នុងស្រុកនូវគ្រាប់កាំភ្លើងធំ ១៥៥ មីល្លីម៉ែត្រ ជាប្រភេទគ្រាប់រំសេវដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយយោធានៃប្រទេសសមាជិកសម្ព័ន្ធយោធាណាតូ។

ទីប្រឹក្សាប្រធានាធិបតី លោក Oleksandr Kamyshin បានបង្ហាញរឿងនេះ អំឡុងពេលបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសន័រវេស។

លោក Kamyshin បាននិយាយថា ការផលិតយុទ្ធោបករណ៍ការពារជាតិក្នុងស្រុក បានកើនឡើងទ្វេដង ក្នុងរយៈពេល១៨ខែ រហូតដល់ខែនេះ ហើយលោករំពឹងថា វានឹងកើនឡើងបីដងនៅចុងឆ្នាំនេះ។ ដោយប្រឈមមុខទៅនឹងកង្វះសព្វាវុធ និងគ្រាប់រំសេវ អ៊ុយក្រែនមានផែនការបង្កើនការផលិតក្នុងស្រុក ក្នុងការបន្ថែមទៅលើការពឹងផ្អែកការផ្គត់ផ្គង់ពីប្រទេសលោកខាងលិច។

ទន្ទឹមនឹងនេះ ស្ថានទូតរុស្ស៊ីប្រចាំនៅប្រទេសកូរ៉េខាងជើង បាននិយាយនៅលើបណ្តាញសង្គម កាលពីថ្ងៃចន្ទថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Choe Son Hui បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី។ បណ្តាញសង្គមនេះ និយាយថា រដ្ឋមន្ត្រី មានផែនការចូលរួមក្នុងសន្និសីទអន្តរជាតិ ដែលនឹងធ្វើឡើងនៅទីក្រុង St. Petersburg ចន្លោះពីថ្ងៃពុធ ដល់ថ្ងៃសុក្រ។
ទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បាននិងកំពុងបង្កើនទំនាក់ទំនង ចាប់តាំងពីការចាប់ផ្តើមការវាយលុករបស់រុស្ស៊ី លើអ៊ុយក្រែន។
កាលពីសប្តាហ៍មុន អតីតរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ក្នុងទីក្រុងព្យុងយ៉ាង។