អ្នកតាំងលំនៅអ៊ីស្រាអែល បានវាយលុកលើសាលារៀនប៉ាឡេស្ទីន នៅភាគពាយព្យនៃទីក្រុងជឺរីខូ( Jericho) កាលពីថ្ងៃចន្ទ ដោយបានបណ្តាលឲ្យមនុស្សជាច្រើននាក់ រងរបួស និងខូចខាតអគារ។ នេះបើយោងតាម មន្ត្រីប៉ាឡេស្ទីននិងសាក្សីឃើញផ្ទាល់ភ្នែក។

ការវាយប្រហារនេះ បានកើតឡើងនៅសាលាបឋមសិក្សា អារ៉ាប់ អាល់កា អាណេ (Arab Al-Ka'abneh) ក្នុងតំបន់ម៉ាអាត (Ma'arjat) ដែលបង្កឲ្យមានការភ័យស្លន់ស្លោ ក្នុងចំណោមសិស្ស និងបុគ្គលិក។ កងកម្លាំងយោធាអ៊ីស្រាអែល បានទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយត្រូវបានគេរាយការណ៍ថា បានឃាត់ខ្លួននាយកសាលា និងឪពុកឬម្តាយម្នាក់។

អង្គការសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមគ្រូពេទ្យរបស់ខ្លួន បានព្យាបាលមនុស្ស៧នាក់ដែលរងរបួសក្នុងអំឡុងពេលវាយប្រហារ រួមទាំងគ្រូបង្រៀនស្រី ៤នាក់ផងដែរ។ ជនរងគ្រោះទាំងអស់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុក។
យោធាអ៊ីស្រាអែល មិនទាន់ធ្វើអត្ថាធិប្បាយជុំវិញហេតុការណ៍នេះ នៅឡើយទេ។
ជាការឆ្លើយតប ក្រសួងការបរទេសប៉ាឡេស្ទីន បានថ្កោលទោសការវាយប្រហារនេះ ដោយសម្តែងការព្រួយបារម្ភលើអ្វីដែលហៅថា ជាការកើនឡើងនៃអំពើហិង្សាដោយក្រុមអ្នកតាំងលំនៅប្រឆាំងនឹងប៉ាឡេស្ទីន និងទ្រព្យសម្បត្តិរបស់ពួកគេ។