សហស្ថាបនិកក្រុមហ៊ុន ម៉ៃក្រូសហ្វ (Microsoft) ដែលប្រែក្លាយជាសប្បុរសជន លោក ប៊ីល ហ្គេតស៍ (Bill Gates) បានលើកឡើងថា កង្វះអាហារូបត្ថម្ភគឺជាវិបត្តិសុខភាពកុមារដ៏អាក្រក់បំផុតរបស់ពិភពលោក ហើយបម្រែបម្រួលអាកាសធាតុនឹងធ្វើឱ្យអ្វីៗកាន់តែធ្ងន់ធ្ងរឡើងថែមទៀត។

មូលនិធិ Bill & Melinda Gates បាននិយាយនៅក្នុងរបាយការណ៍មួយនៅថ្ងៃអង្គារ (១៧ កញ្ញា) នេះថា ចាប់ពីពេលនេះដល់ឆ្នាំ២០៥០ កុមារចំនួន ៤០លាននាក់ទៀតនឹងមានការលូតលាស់ខ្សោយ ឬក្រិន ហើយ ២៨លាននាក់ទៀតនឹងទទួលរងពីភាពស្គមស្គាំង ដែលជាទម្រង់កង្វះអាហារូបត្ថម្ភខ្លាំងបំផុត និងមិនអាចត្រឡប់វិញបាន ដែលជាលទ្ធផលនៃបម្រែបម្រួលអាកាសធាតុ។

លោក Gates បានប្រាប់សារព័ត៌មានរ៉យទ័រក្នុងបទសម្ភាសន៍មួយកាលពីសប្តាហ៍មុនថា «លុះត្រាតែកុមារទទួលបានអាហារត្រឹមត្រូវ ជាទូទៅទាំងនៅក្នុងពោះម្ដាយ និងក្នុងវ័យដំបូង បើមិនដូច្នេះទេពួកគេមិនអាចអភិវឌ្ឍនទាំងផ្នែករាងកាយ និងផ្លូវចិត្តបានទេ»។ លោកបន្ថែមថា «ប្រហែល ៩០ភាគរយនៃឥទ្ធិពលអវិជ្ជមានពីបម្រែបម្រួលអាកាសធាតុដំណើរការតាមរយៈប្រព័ន្ធអាហារ ដែលបំផ្លាញដំណាំក្រោមរូបភាពគ្រោះរាំងស្ងួត ឬភ្លៀងច្រើនពេក»។

នៅឆ្នាំ២០២៣ អង្គការសុខភាពពិភពលោក WHO បានប៉ាន់ប្រមាណថា កុមារចំនួន ១៤៨លាននាក់បានជួបប្រទះនឹងភាពក្រិន និង ៤៥លាននាក់រងគ្រោះពីភាពស្គមស្គាំងខ្លាំង។ លោក Gates បានអំពាវនាវឱ្យមានការផ្តល់មូលនិធិបន្ថែមសម្រាប់អាហារូបត្ថម្ភ ជាពិសេសតាមរយៈវេទិកាថ្មីមួយដែលដឹកនាំដោយអង្គការយូនីសេហ្វ ក្នុងបំណងសម្របសម្រួលការផ្តល់ហិរញ្ញប្បទានពីម្ចាស់ជំនួយ មូលនិធិអាហារូបត្ថម្ភកុមារ ក៏ដូចជាការស្រាវជ្រាវបន្ថែម៕