ក្រសួងសុខាភិបាលនៃអាជ្ញាធរប៉ាឡេស្ទីន បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សចំនួន ២០នាក់ត្រូវបានសម្លាប់ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដែលជាលទ្ធផលនៃការវាយប្រហាររបស់កងកម្លាំងការពារអ៊ីស្រាអែល ក្នុងរយៈពេល ២៤ម៉ោង កន្លងទៅនេះ។

ក្រសួងបានរាយការណ៍ថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៧៦ នាក់ បានរងរបួស ក្នុងអំឡុងពេលការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃចន្ទ ទី ១៦ ខែកញ្ញា។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើបណ្តាញ Telegram របស់ខ្លួនថា៖«ជនរងគ្រោះជាច្រើន នៅតែស្ថិតនៅក្រោមគំនរបាក់បែក និងនៅលើផ្លូវ ប៉ុន្តែក្រុមរថយន្ត សង្គ្រោះបន្ទាន់ និងសេវាការពារស៊ីវិល មិនអាចទៅដល់ពួកគេបានទេ»។
ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សា ក៏បានរាយការណ៍ផងដែរថា ចាប់តាំងពីការកើនឡើងនៃជម្លោះ ប៉ាឡេស្ទីន-អ៊ីស្រាអែល ក្នុងខែតុលា ឆ្នាំ ២០២៣ ចំនួនអ្នកស្លាប់សរុបនៅក្នុងដែនដីនេះ បានកើនឡើងដល់ ៤១.២២៦នាក់ ហើយមនុស្ស ៩៥.៤១៣នាក់ផ្សេងទៀត បានរងរបួស។