ក្រុមអ្នកតស៊ូឥស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាក្រុមជីវពលស៊ីអ៊ីត បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយយានដ្រូនទៅលើទីតាំងអ៊ីស្រាអែល នៅជ្រលងភ្នំហ្ស៊កដង់ (Jordan Valley) កាលពីព្រឹកថ្ងៃចន្ទ។
ក្រុមនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើង ក្នុងការរួម សាមគ្គីជាមួយប្រជាជននៃតំបន់ហ្កាហ្សាស្ទ្រីប» ហើយបានសន្យាថា នឹងបន្តកំណត់គោលដៅទៅលើតំបន់ការពារជាច្រើនទៀតរបស់សត្រូវ» ។

ជ្រលងភ្នំហ្ស៊កដង់ដែលលាតសន្ធឹងតាមដងទន្លេហ្ស៊កដង់ បង្កើតជាព្រំប្រទល់ភាគខាងលិចនៃប្រទេសហ្ស៊កដានី ជាមួយប្រទេសអ៊ីស្រាអែល និងតំបន់វេសបែង (West Bank)។ ជ្រលងភ្នំនេះ គឺជាព្រំដែនតែមួយគត់នៃតំបន់វេសបែង ដែលមិនជាប់នឹងអ៊ីស្រាអែលដោយផ្ទាល់ទេ។ ដោយសារសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់សន្តិសុខរបស់អ៊ីស្រាអែល ជ្រលងភ្នំនេះ ត្រូវបានល្បាតយ៉ាងខ្លាំងក្លា ដោយកងកម្លាំងយោធាអ៊ីស្រាអែល។
ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន នៅថ្ងៃទី៧ ខែតុលាឆ្នាំ ២០២៣ ក្រុមតស៊ូឥ ស្លាមនៅអ៊ីរ៉ាក់ បានធ្វើការវាយប្រហារជាច្រើនលើគោលដៅរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅក្នុងតំបន់ ដើម្បីគាំទ្រដល់ប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។