អគ្គលេខាធិការណាតូ លោក ចេន ស្តូលថិនប៊ឺក( Jens Stoltenberg) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Foreign Policy ដែលបានផ្សាយបន្តផ្ទាល់នៅលើគេហទំព័ររបស់ខ្លួនថា អង្គការណាតូ នឹងមិនក្លាយជាភាគីនៃជម្លោះអ៊ុយក្រែនទេ ប្រសិនបើរដ្ឋជាសមាជិករបស់ខ្លួន អនុញ្ញាតឲ្យទីក្រុងគីវ វាយប្រហារលើទឹកដីរុស្ស៊ីដោយអាវុធផលិតដោយលោកខាងលិចនោះ។

លោក ស្តូលថិនប៊ឺក បានអះអាងថា៖«នេះមិនត្រឹមត្រូវទេ នៅពេលដែលលោកប្រធានាធិបតី ពូទីន និយាយថា យើងនឹងក្លាយជាភាគីនៃជម្លោះនោះ» ។
លោកក៏បានបន្ថែមថា អង្គការណាតូ មិនចាត់ទុកភាគីអ៊ីរ៉ង់ និងកូរ៉េខាងជើង ក្នុងជម្លោះជុំវិញការផ្តល់ជំនួយយោធា ដល់ទីក្រុងមូស្គូនោះទេ។
យោងតាមលោកអគ្គលេខាធិការ ណាតូបានតាមដានយ៉ាងដិតដល់នូវអ្វីដែលរុស្ស៊ីកំពុងធ្វើនៅក្នុងជំហរនុយក្លេអ៊ែររបស់ខ្លួន។
លោកបាននិយាយថា៖«រហូតមកដល់ពេលនេះ យើងមិនទាន់ឃើញមានការផ្លាស់ប្តូរណាមួយ នៅក្នុងជំហរនុយក្លេអ៊ែររបស់ពួកគេ ដែលទាមទារការផ្លាស់ប្តូរណាមួយពីភាគីរបស់យើងទេ» ដោយចង្អុលបង្ហាញថា នឹងមិនមានការឈ្នះនៅក្នុងសង្គ្រាមនុយក្លេអ៊ែរនោះទេ។

នាពេលកន្លងមក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់អ្នកសារព័ត៌មានថា អ៊ុយក្រែន មិនអាចធ្វើការវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ដោយគ្មានជំនួយពីលោកខាងលិចទេ ព្រោះការវាយប្រហារបែបនេះ ទាមទារឲ្យមានការស៊ើបការណ៍ពីផ្កាយរណប និងបេសកកម្មហោះហើរ។ មេដឹកនាំរុស្ស៊ីបានកត់សម្គាល់ថា បណ្តាប្រទេសណាតូបច្ចុប្បន្ន មិនគ្រាន់តែពិភាក្សាថាតើត្រូវអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់ពួកគេទេ ប៉ុន្តែថែមទាំងកំពុងសម្រេចចិត្តសំខាន់ថាតើត្រូវចូលរួមដោយផ្ទាល់នៅក្នុងជម្លោះអ៊ុយក្រែនឬយ៉ាងណា។