បាល់ទាត់៖ អតីតខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea ក៏ដូចជា Inter Milan កីឡាករកាមេរ៉ូន Samuel Eto’o បានប្រកាសខ្លួនគឺជាបេក្ខភាពប្រជែងតំណែងប្រធានសហព័ន្ធបាល់ទាត់កាមេរ៉ូន។ អតីតកីឡាកររបស់ Barcelona រូបនេះបានធ្វើការប្រកាសបែបនេះនៅលើបណ្ដាញសង្គមរបស់ខ្លួនកាលពីថ្ងៃអង្គារ និងបានសរសេរថា នេះជាការសំរេចចិត្តដែលបណ្ដាលមកពីសេចក្ដីស្រលាញ់ និងមហិច្ឆតាបាល់ទាត់សម្រាប់ប្រទេសកាមេរ៉ូន។

ការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធកីឡាបាល់ទាត់កាមេរ៉ូន ដែលត្រូវបានលើកពេលនោះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១១ ធ្នូចុងឆ្នាំនេះ មុនពេលព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអាហ្វ្រិកដែលគ្រោងធ្វើឡើងនៅលើទឹកដីកាមេរ៉ូននៅថ្ងៃទី៩ ខែមករាដើមឆ្នាំ២០២២ ខាងមុខ។ សហព័ន្ធបាល់ទាត់កាមេរ៉ូនមិនបានបញ្ចេញពីបញ្ជីឈ្មោះបេក្ខភាពផ្សេងទៀតឡើយ។ រំលឹកថា បុរសវ័យ ៤០ឆ្នាំរូបនេះធ្លាប់មានអាជីពជោគជ័យខ្លាំង ក្នុងពេលជាកីឡាករដែលរួមមានជួយក្លិបអាជីពរបស់គេឈ្នះជើងឯកក្នុងស្រុក និងឈ្នះជើងឯកអឺរ៉ុប មិនថាអាជីពនៅអេស្ប៉ាញ រឺអ៊ីតាលី។
ម្ចាស់ពានកីឡាករឆ្នើមបំផុតប្រចាំទ្វីបអាហ្វ្រិក ៤លើករូបនេះក៏ធ្លាប់ស៊ុតបញ្ចូលទី ៥៦គ្រាប់ផងដែរក្នុងការបង្ហាញខ្លួន ១១៨ប្រកួតនៅ English Premier League ជាមួយ Chelsea និង Everton មុនពេលបញ្ចប់អាជីពនៅទឹកដីកាតា។ ជាមួយក្រុមជំរើសជាតិកាមេរ៉ូន Samuel Eto’o បានជួយក្រុមឈ្នះជើងឯកទ្វីបអាហ្វ្រិក Africa Cup of Nations នៅឆ្នាំ២០០០ និង ២០០២ និងឈ្នះមេដាយមាសអូឡាំពិកឆ្នាំ២០០០ នៅទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីផងដែរ៕
អត្ថបទ៖នាង សុភាវុធ