លោក Stephane Dujarric អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា តំណាងអង្គការសហប្រជាជាតិ អាចនឹងទៅចុះទៅពិនិត្យមើលកន្លែងតាំងទីលំនៅមួយចំនួន នៅតាមខ្សែបន្ទាត់ព្រំដែនតំបន់ឃើស(Kursk) របស់ប្រទេសរុស្ស៊ី ដែលបច្ចុប្បន្ន ត្រូវបានគ្រប់គ្រងដោយកងទ័ពអ៊ុយក្រែន ដោយមានការអនុញ្ញាតពីប្រទេសរុស្ស៊ី។
នៅពេលសួរថាតើអង្គការនេះ គ្រោងនឹងបញ្ជូនអ្នកតំណាងរបស់ខ្លួនទៅកាន់តំបន់ឃើសតាមការអញ្ជើញក្នុងលក្ខណៈបង្កហេតុពីក្រសួងការបរទេសអ៊ុយក្រែដែរឬយ៉ាងណានោះ លោកបានថ្លែងប្រាប់សារព័ត៌មានថា៖«ចម្លើយដ៏ខ្លីពីយើងគឺ យើងត្រៀមខ្លួនរួចរាល់ហើយ ប៉ុន្តែយើងនឹងត្រូវការការអនុញ្ញាតពីសហព័ន្ធរុស្ស៊ី»។
អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានថ្កោលទោសការអញ្ជើញរបស់ទីក្រុងគីវ សម្រាប់មន្ត្រីមកពីអង្គការសហប្រជាជាតិ និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ដើម្បីទៅទស្សនកិច្ចតំបន់ឃើស ដែលគ្រប់គ្រងដោយកងទ័ពអ៊ុយក្រែនថា ជាការបង្កហេតុ។