ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេស្គីអាន(Masoud Pezeshkian) បានអះអាង កាលពីថ្ងៃចន្ទថា ប្រទេសរបស់លោក គ្មានបំណងអភិវឌ្ឍអាវុធនុយក្លេអ៊ែរនោះទេ ដោយបានរុញច្រានប្រឆាំងការព្រួយបារម្ភរបស់អន្តរជាតិ ជុំវិញកម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន។
លោក Pezeshkian បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតេអេរ៉ង់ថា យើងបានបញ្ជាក់ដដែលៗថា យើងមិនស្វែងរកអាវុធនុយក្លេអ៊ែរទេ។ គោលដៅរបស់យើងគឺដើម្បីបំពេញតម្រូវការបច្ចេកទេស និងវិទ្យាសាស្រ្តរបស់យើង។ ការនិយាយលើកឡើងរបស់លោក បានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងការព្រមានកាលពីពេលថ្មីៗនេះ ពីសំណាក់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ជុំវិញការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមសុទ្ធរបស់ប្រទេសអ៊ីរ៉ង់ រហូតដល់៦០ភាគរយ។
លោក Pezeshkian បានអះអាងថា អ៊ីរ៉ង់នៅតែប្តេជ្ញាចិត្តចំពោះក្របខ័ណ្ឌ ដែលបានបង្កើតឡើងដោយកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម (JCPOA)។ ទោះជាយ៉ាងណា លោកបានព្រមានថា ការប្រកាន់ខ្ជាប់ដែលនៅតែបន្តរបស់អ៊ីរ៉ង់ អាស្រ័យលើប្រទេសហត្ថលេខីផ្សេងៗទៀត ដែលត្រូវគោរពកាតព្វកិច្ចរបស់ពួកគេ។
ខណៈទទួលស្គាល់សម្ពាធពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប ក្នុងការកាត់បន្ថយការអភិវឌ្ឍមីស៊ីលរបស់ខ្លួន លោក Pezeshkian បានទទូចលើសិទ្ធិរបស់អ៊ីរ៉ង់ ក្នុងការរក្សាសមត្ថភាពការពារជាតិរបស់ខ្លួន។
ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម (JCPOA) ដែលត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ២០១៥ ដែលបានមើលឃើញថា អ៊ីរ៉ង់យល់ព្រមកំណត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរទៅនឹងការបន្ធូរបន្ថយទណ្ឌកម្ម។
កិច្ចព្រមព្រៀងនេះ បានស្ថិតក្នុងហានិភ័យចាប់តាំងពីសហរដ្ឋអាមេរិកបានដកខ្លួនចេញនៅឆ្នាំ ២០១៨ ក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតី លោក Donald Trump ដោយបានដាក់ទណ្ឌកម្មឡើងវិញលើទីក្រុងតេអេរ៉ង់។ កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារកិច្ចព្រមព្រៀងឡើងវិញ បានជាប់គាំង ចាប់តាំងពីខែសីហា ឆ្នាំ២០២២ ទោះបីជាមានការចរចាជាច្រើនជុំ នៅទីក្រុងវីយែន ប្រទេសអូទ្រីសក៏ដោយ។ ខណៈភាពតានតឹងនៅតែបន្ត សហគមន៍អន្តរជាតិ បានបន្តឃ្លាំមើលសកម្មភាពនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ដោយការត្រួតពិនិត្យកាន់តែតឹងរ៉ឹង។