រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Cesar Vasquez បាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្ស១៥នាក់ស្លាប់ នៅក្នុងប្រទេសប៉េរូ ដោយសារចំហេះព្រៃរាលដាលខ្លាំង ដែលបានឆាបឆេះនៅផ្នែកផ្សេងៗរបស់ប្រទេស។
មន្ត្រី បានប្រាប់អ្នកសារព័ត៌មានថា រហូតមកដល់ពេលនេះយើងបានរាយការណ៍ មនុស្ស១៥នាក់បានស្លាប់ ៦នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈ១២៨នាក់បានចេញពីមន្ទីរពេទ្យ។
មន្ត្រីបានធានាថា អាជ្ញាធរនឹងរក្សាការព្រមាន និងបន្តផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តដល់អ្នកដែលរងផលប៉ះពាល់នៅក្នុងតំបន់រងគ្រោះដោយចំហេះព្រៃ ដែលមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ប្រទេសអាមេរិកខាងត្បូងមួយនេះប៉ុណ្ណោះទេ ថែមទាំងក្នុងតំបន់ផងដែរ។
កាលពីចុងសប្តាហ៍មុន វិទ្យាស្ថានជាតិការពារជនស៊ីវិល បាននិយាយថា ចំហេះព្រៃចំនួន២២២កន្លែងត្រូវបានចុះបញ្ជីសម្រាប់តំបន់ចំនួន២៣ ក្នុងចំណោមតំបន់ចំនួន២៥របស់ប្រទេសក្នុងឆ្នាំនេះ។
ប្រធានាធិបតីប៉េរូ លោកស្រី ឌីណា បូលួអាតេ(Dina Boluarte) កាលពីថ្ងៃចន្ទ បានធ្វើដំណើរទៅកាន់តំបន់ Amazon ដើម្បីបន្តតាមដានតំបន់រងផលប៉ះពាល់ដោយចំហេះព្រៃ និងសម្របសម្រួលសកម្មភាព ជាមួយអាជ្ញាធរតំបន់ និងស្ថាប័នផ្សេងៗទៀត។