ម្ចាស់របស់បណ្ដាញសង្គម Facebook គឺក្រុមហ៊ុន Meta កាលពីថ្ងៃចន្ទ (ទី១៦ ខែកញ្ញា) បានប្រាប់ឲ្យដឹងថា ខ្លួនកំពុងហាមឃាត់សារព័ត៌មាន RT, Rossiya Segodnya និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីផ្សេងទៀត មិនឲ្យមានដំណើរការលើវេទិការបស់ខ្លួន ដោយអះអាងថា បណ្ដាបណ្ដាញសារព័ត៌មានទាំងនោះ បានប្រើវិធីបោកប្រាស់ ដើម្បីអនុវត្តប្រតិបត្តិការជះឥទ្ធិពលសម្ងាត់ តាមប្រព័ន្ធអ៊ីនធឺណិត។
ក្រុមហ៊ុនបណ្ដាញសង្គមមួយនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា៖ «បន្ទាប់ពីការពិចារណាយ៉ាងយកចិត្តទុកដាក់ យើងបានដាក់ចេញនូវការអនុវត្តជាបន្តរបស់យើង ប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី។ ក្រមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Rossiya Segodnya, RT និងអង្គភាពពាក់ព័ន្ធផ្សេងទៀត ឥឡូវនេះត្រូវបានហាមឃាត់មិនឲ្យមាននៅលើកម្មវិធី (អេប) របស់យើងជាសកល ដោយសារពាក់ព័ន្ធនឹងសកម្មភាពជ្រៀតជ្រែកពីបរទេស»។
ការអនុវត្តបម្រាមនេះ នឹងចាប់ផ្តើមនៅប៉ុន្មានថ្ងៃខាងមុខ។ ក្រៅពីបណ្ដាញសង្គម Facebook កម្មវិធីរបស់ក្រុមហ៊ុន Meta នៅមាន Instagram, WhatsApp និង Threads ផងដែរ។
ពាក់ព័ន្ធនឹងការចេញនូវការហាមឃាត់នេះ ស្ថានទូតរុស្ស៊ីមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើរបស់សារព័ត៌មាន Reuters ដើម្បីសុំការអត្ថាធិប្បាយ។ ហើយសេតវិមានបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់។
ករណីនេះ បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានចោទប្រកាន់ពីបទសម្អាតលុយកខ្វក់ កាលពីដើមខែកញ្ញា ប្រឆាំងនឹងបុគ្គលិករបស់ប្រព័ន្ធផ្ព្វផ្សាយ RT ២នាក់ សម្រាប់អ្វីដែលមន្ត្រីបាននិយាយថា ជាគម្រោងជួលក្រុមហ៊ុនអាមេរិកឲ្យផលិតមាតិកាអនឡាញ ដើម្បីជះឥទ្ធិពលដល់ការបោះឆ្នោតឆ្នាំ២០២៤៕