មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានបង្ហាញកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម នៅក្នុងទីតាំងដែលមិនត្រូវបានបង្ហាញឲ្យដឹងជាលើកដំបូង កាលពីថ្ងៃទី១៣ ខែកញ្ញា ហើយលោកក៏បានប្តេជ្ញាថា នឹងធ្វើឲ្យរបបលោកមានអាវុធនុយក្លេអ៊ែរកាន់តែលឿន និងខ្លាំងក្លា ដោយសកម្មភាពនេះបានជំរុញឲ្យមានការជជែកដេញដោលជាថ្មីអំពីនុយក្លេអ៊ែរ នៅក្នុងប្រទេសកូរ៉េខាងត្បូង។
រូបភាពនេះ ត្រូវបានបញ្ចេញមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រ រវាងឧបទ្វីបកូរ៉េ និងជប៉ុន កាលពីថ្ងៃទី១២ ខែកញ្ញា ហើយប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសឯកោមួយនេះបានបង្ហោះបាឡុងផ្ទុកសំរាមផ្សេងទៀតចូលទៅក្នុងប្រទេសកូរ៉េខាងត្បូង។
ការបង្ហាញនូវសមត្ថភាពអាវុធនុយក្លេអ៊ែរយ៉ាងបើកចំហពីកូរ៉េខាងជើងនេះ បានធ្វើឲ្យមានការជជែកដេញដោលគ្នាឡើងវិញយ៉ាងយូរ នៅកូរ៉េខាងត្បូងអំពីថា តើប្រទេសនេះគួរតែមានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន ដើម្បីពង្រឹងការការពាររបស់ខ្លួនដែរ ឬយ៉ាងណា។
ឥឡូវនេះទីក្រុងសេអ៊ូលពឹងផ្អែកលើសម្ព័ន្ធមិត្តរបស់ខ្លួន គឺសហរដ្ឋអាមេរិក សម្រាប់ការការពារប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ហើយអ្នកវិភាគមួយចំនួនកំពុងចោទសួរថា តើកូរ៉េខាងត្បូងអាចនៅតែបន្តពឹងផ្អែកលើសហរដ្ឋអាមេរិក សម្រាប់ការការពារដែរ ឬទេ នៅចំពោះមុខនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងៗបែបនេះ៕