រដ្ឋមន្ត្រីប្រចាំរដ្ឋ West Bengal របស់ប្រទេសឥណ្ឌា លោកស្រី Mamata Banerjee បានប្រកាសពីការដកតំណែងស្នងការនគរបាលទីក្រុង Kolkata លោក Vineet Goyal បន្ទាប់ពីបានជួបជាមួយគណៈប្រតិភូនៃក្រុមគ្រូពេទ្យឥណ្ឌាដែលកំពុងតវ៉ា កាលពីថ្ងៃចន្ទ (ទី១៦ ខែកញ្ញា)។
ក្រុមគ្រូពេទ្យបានទាមទារឲ្យលោកស្រី Banerjee ដកតំណែងរបស់ស្នងការនគរបាល និងមន្ត្រីសុខាភិបាលជាន់ខ្ពស់ បន្ទាប់ពីមានកំហឹង ជុំវិញការដោះស្រាយមិនបានបល្អ ពាក់ព័ន្ធនឹងករណីរំលោភ និងសម្លាប់ចំពោះគ្រូពេទ្យហាត់ការម្នាក់ កាលពីខែសីហា។ លោកស្រី Banerjee បាននិយាយថា លោកស្រីបានយល់ព្រមតាមការទាមទាររបស់ក្រុមគ្រូពេទ្យ ៩៩ភាគរយ ហើយបានជំរុញឲ្យពួកគេត្រឡប់ទៅធ្វើការវិញ ដើម្បីកុំឲ្យប្រជាជនទូទៅរងទុក្ខលំបាក។
បាតុករត្រូវបានគេមើលឃើញនាំគ្នាអបអរ ខណៈពួកគេរាំនៅតាមដងផ្លូវ បន្ទាប់ពីការប្រជុំដែលបានបំបែកភាពទាល់ច្រកជាមួយរដ្ឋាភិបាល។
គួរបញ្ជាក់ថា វេជ្ជបណ្ឌិតទូទាំងប្រទេស បាននាំគ្នាតវ៉ា បន្ទាប់ពីមានការសម្លាប់គ្រូពេទ្យហាត់ការអាយុ ៣១ឆ្នាំ កាលពីថ្ងៃទី 9 ខែសីហា ដែលត្រូវបានរំលោភ និងសម្លាប់ នៅមន្ទីរពេទ្យមួយ ក្នុងទីក្រុង Kolkata ភាគខាងកើត ដែលហេតុការណ៍នោះបាននាំឲ្យមានទាមទារច្បាប់តឹងរ៉ឹង ដើម្បីសន្តិសុខរបស់ស្ត្រី នៅក្នុងប្រទេស៕