អ៊ីស្រាអែល នៅថ្ងៃអង្គារនេះ បានពង្រីកគោលដៅនៃប្រតិបត្តិការយោធារបស់ខ្លួននៅតំបន់ហ្កាហ្សាដើម្បីឲ្យពលរដ្ឋអ៊ីស្រាអែលនៅភាគខាងជើងដែលត្រូវបានជម្លៀសដោយសារតែជម្លោះជាមួយក្រុមហេសបូឡា នៅតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់ វិលត្រឡប់មកវិញដោយសុវត្ថិភាព។
សេចក្តីថ្លែងការណ៍មួយ ពីការិយាល័យនាយករដ្ឋមន្ត្រី បាននិយាយថា សេចក្តីសម្រេចនេះ ត្រូវបានអនុម័តក្នុងអំឡុងពេលកិច្ចប្រជុំកាលពីពេលយប់របស់គណៈរដ្ឋមន្ត្រីសន្តិសុខរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ។
សេចក្តីថ្លែងការណ៍ បាននិយាយថា ក្រុមរដ្ឋមន្ត្រី បានធ្វើបច្ចុប្បន្នភាពគោលដៅ ដើម្បីរួមបញ្ចូលការទទួលខុសត្រូវ មានការវិលត្រឡប់ដោយសុវត្ថិភាពរបស់ប្រជាជននៅភាគខាងជើង ទៅកាន់លំនៅឋានរបស់ពួកគេវិញ។
កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយទៅកាន់ប្រេសិតពិសេសសេតវិមាន លោក Amos Hochstein ដែលបានទៅដល់ទីក្រុង Tel Aviv ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកាត់បន្ថយភាពតានតឹងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ថា «បង្អួចសម្រាប់ដំណោះស្រាយផ្នែកការទូតកំពុងបិទ»។ លោក Gallant និយាយថា សកម្មភាពយោធា គឺជាមធ្យោបាយតែមួយគត់ដើម្បីទទួលបាននូវភាពស្ងប់ស្ងាត់នៅព្រំដែនភាគខាងជើង។
ប្រជាជនរាប់ម៉ឺននាក់នៅសងខាងព្រំដែន ត្រូវបានជម្លៀសចេញដោយសារតែការប្រយុទ្ធគ្នា ហើយក្រុមហេសបូឡា បាននិយាយថា ខ្លួននឹងឈប់បាញ់ ប្រសិនបើអ៊ីស្រាអែលនិងក្រុមហាម៉ាស ព្រមព្រៀងបញ្ចប់ការប្រយុទ្ធគ្នា។