ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ជារឿយៗ បានសំណូមពរយ៉ាងទទូចដល់អាជ្ញាធរខណ្ឌដង្កោ ជាពិសេស សាលារាជធានីភ្នំពេញ មេត្តាសូមជួយដោះស្រាយបញ្ហាទឹកជន់លិចភូមិរបស់ពួកគាត់រាប់ឆ្នាំមកហើយ ។
ប្រជាពលរដ្ឋប្រាប់ឲ្យដឹងនាថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២១ថា នៅតំបន់ភូមិរស់នៅរបស់ពួកគាត់ ជារៀងរាល់រដូវវស្សាតែមានទឹកជន់លិចជាប់ប្រចាំ ដោយសារតែពុំទាន់មានប្រព័ន្ធលូប្រើប្រាស់ត្រឹមត្រូវ ។ ការជន់លិចនេះ គឺមានរយៈពេលរាប់ឆ្នាំមកហើយ បន្ទាប់ពីមានការចាក់ដីលុបបឹងតាម៉ាត ដែលជាបឹងធម្មជាតិដ៏ធំមួយ ។ ដូច្នេះ ក្រោយពីមានការលុបបឹងតាម៉ាតនោះរួចមក នៅពេលដែលមានភ្លៀងធ្លាក់ម្ដងៗ គឺតែងតែបង្កការជន់លិច លំនៅឋានរបស់ពួកគាត់ជារឿយៗ។
ប្រជាពលរដ្ឋ បានប្រាប់បន្តថា កាលពីនៅមានបឹងតាម៉ាត គឺនៅតំបន់ភូមិរបស់គាត់មិនដែលមានទឹកជន់លិចនោះទេ ពីព្រោះថា នៅពេលមានមេឃភ្លៀងមកម្តងៗទឹកតែងតែហូរចូលទៅក្នុងបឹងតាម៉ាតនោះអស់ៗ ។ បន្ទាប់ពីមានការចាក់ដីលុបបឹងតាម៉ាត ដែលជាបឹងធម្មជាតិដ៏ធំមួយរួចមក នៅពេលដែលមានភ្លៀងធ្លាក់ម្ដងៗ គឺតែងតែបង្កការជន់លិច លំនៅឋានរបស់ពួកគាត់ជារឿយៗបែបនេះ ។
ដោយជួបបញ្ហាទាំងនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ទាំងអស់ សូមសំណូមពរយ៉ាងទទូចទៅដល់អាជ្ញាធរខណ្ឌដង្កោជាពិសេស លោកអភិបាលរាជធានីភ្នំពេញ ក៏ដូចជា ជំនាញពាក់ព័ន្ធមេត្តាជួយ ដោះស្រាយនូវទុក្ខកង្វល់របស់ពួកគាត់ទាំងអស់គ្នាផង ។
ជុំវិញបញ្ហាទឹកជន់លិចផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ លោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ បញ្ជាក់ឲ្យដឹងថា កំឡុងខែមិនារដ្ឋបាលខណ្ឌ បានដាក់លូរំដោះទឹក និងឥឡូវលោកអភិបាលរាជធានីភ្នំពេញ លោកបានឲ្យរថយន្តមកបូមរំដោះទឹកចេញរាល់ថ្ងៃ និងនៅសប្តាហ៍ក្រោយលោកអភិបាល នឹងដាក់លូថ្មី ១ម៉ែត្រកន្លះ ពីរខ្សែជូនប្រជាពលរដ្ឋ រស់នៅតំបន់នោះ ។ សូមបញ្ជាក់ថា ទំហំទឹកធំ និងហូរចាក់ចូលមកតំបន់នេះច្រើនប្រភព ៕
អត្ថបទ ៖ តារាវុទ្ធី