ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសអាល្លឺម៉ង់ លោក Sergey Nechaev បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុ Deutschlandfunk ថា ការអនុញ្ញាតឲ្យកងទ័ពអ៊ុយក្រែនវាយប្រហារដោយអាវុធរបស់លោកខាងលិច ចូលជ្រៅទៅក្នុងទឹកដី របស់រុស្ស៊ី នឹងក្លាយទៅជាស្ថានភាពថ្មីទាំងស្រុងសម្រាប់ទីក្រុងមូស្គូ ជាមួយនឹងផលវិបាកដែលអាចកើតមានជាបន្ទបន្ទាប់។
អ្នកការទូតរូបនេះ បានកត់សម្គាល់ថា៖«បញ្ហានេះ នឹងក្លាយជាស្ថានភាពថ្មីទាំងស្រុងសម្រាប់យើង ហើយលោកប្រធានាធិបតីពូទីន បានគូសបញ្ជាក់អំពីរឿងនេះ កាលពីពីរបីថ្ងៃកន្លងទៅនេអ ។ សម្រាប់យើង ការធ្វើបែបនេះ នឹងក្លាយជាស្ថានភាពថ្មីទាំងស្រុងជាមួយនឹងផលវិបាកជាច្រើនដែលអាចកើតឡើង»។
បេសកជន បានដាស់តឿនថា៖«ពួកគេ [ប្រទេសណាតូ] នឹងក្លាយជាភាគីនៃជម្លោះយ៉ាងច្បាស់។ ខ្ញុំចង់ឮពីអ្នកជំនាញថា តើផលវិបាកអ្វីខ្លះ នឹងកើតឡើង ប៉ុន្តែវានឹងមានផលវិបាក ហើយនេះច្បាស់ណាស់»។
មុននេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់អ្នកសារព័ត៌មានថា អ៊ុយក្រែន មិនអាចធ្វើការវាយប្រហារជ្រៅទៅក្នុងទឹកដីរុស្ស៊ី ដោយគ្មានជំនួយពីលោកខាងលិចនោះទេ ព្រោះការវាយប្រហារបែបនេះ ទាមទារឲ្យមានការស៊ើបការណ៍ពីផ្កាយរណប និងកិច្ចការហោះហើរ។