ប្រទេសវៀតណាមកំពុងត្រៀមទប់ទល់នឹងទឹកជំនន់បន្ថែមទៀត ដោយមានការព្យាករណ៍ពីសម្ពាធទាបត្រូពិចវិវត្តទៅជាព្យុះពេញលេញ នៅពេលវាបក់បោកឆ្ពោះទៅកាន់តំបន់ឆ្នេរភាគកណ្តាលរបស់ប្រទេស ដោយការព្យារកណ៍នេះកើតមានឡើងប៉ុន្មានថ្ងៃបន្ទាប់ពីព្យុះទីហ្វុង Yagi ដែលបានបង្កជាទឹកជំនន់ និងបំណាក់ដី បានសម្លាប់មនុស្សជាង ២៩០នាក់ នៅភាគខាងជើង។
ដោយមានទីតាំងនៅតាមបណ្ដោយឆ្នេរសមុទ្រដ៏វែង ឈមមុខទៅរកសមុទ្រចិនខាងត្បូង ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ងាយនឹងកើតមានព្យុះត្រូពិច ដែលអាចបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើន ហើយបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផលិតកម្ម និងទ្រព្យសម្បត្តិឧស្សាហកម្ម។
រដ្ឋាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា សម្ពាធទាបត្រូវបានព្យាករថា នឹងវិវត្តទៅជាព្យុះពេញលេញ ក្នុងរយៈពេល ២៤ម៉ោងខាងមុខ ខណៈដែលខ្លួនបានបញ្ចេញការព្រមានទៅកាន់បណ្ដាខេត្តជាប់មាត់សមុទ្រ។
សេចក្តីថ្លែងការណ៍បានប្រាប់បន្តថា ព្យុះនេះនឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង នៅភាគកណ្តាលប្រទេស ដោយបន្ថែមថា «សម្ពាធទាបកំពុងវិវត្តទៅជាប្រភេទមិនច្បាស់លាស់ និងមិនអាចទាយទុកមុនបាន ដោយផ្លូវ ល្បឿន និងកម្លាំងរបស់ព្យុះអាចប្រែប្រួល»។
គួរបញ្ជាក់ថា ប្រទេសវៀតណាម បាន និងកំពុងធូរស្បើយពីឥទ្ធិពលនៃព្យុះទីហ្វុង Yagi ជាព្យុះដ៏ខ្លាំងបំផុតដែលបានវាយប្រហារទ្វីបអាស៊ី ក្នុងឆ្នាំនេះ ដោយព្យុះនេះបានបក់ទៅដល់ដីគោក នៅឆ្នេរសមុទ្រភាគឦសានរបស់ប្រទេសនេះ កាលពី ១០ថ្ងៃមុន។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេស នៅថ្ងៃអង្គារ (ទី១៧ ខែកញ្ញា) នេះ បាននិយាយថា ព្យុះទីហ្វុង ហើយនិងការមានទឹកជំនន់ និងបំណាក់ដីជាបន្តបន្ទាប់ដោយសារព្យុះនេះ បានសម្លាប់មនុស្សជារួម ២៩១នាក់ ដោយមាន ៣៨នាក់ផ្សេងទៀត បាត់ខ្លួន ហើយជិត ២.០០០នាក់ បានរងរបួស៕


