វិមានក្រឹមឡាំង និយាយនៅថ្ងៃអង្គារនេះថា បទបញ្ជាពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ឲ្យផ្លាស់ប្តូរកងទ័ពរុស្ស៊ីក្លាយជាកងទ័ពមានចំនួនច្រើនបំផុតលំដាប់លេខ ២ នៅលើពិភពលោក ត្រូវការចាំបាច់ដើម្បីលើកឡើងពីការគំរាមកំហែងកើនឡើងលើព្រំដែនភាគខាងលិចរបស់រុស្ស៊ី និងអស្ថិរភាពនៅតំបន់ភាគខាងកើត ។
លោក Dmitry Peskov គឺជាអ្នកនាំពាក្យរបស់វិមានក្រឹមឡាំង និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា នេះដោយសារតែការគំរាមកំហែងកើនឡើងលើព្រំដែនភាគខាងលិចប្រទេសរបស់ពួកយើង ។
គួរឲ្យដឹងថា លោក Putin បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីបង្កើនទំហំយោធារបស់ប្រទេសលោក ពីចំនួនទាហាន ១៨ម៉ឺននាក់ ដល់១,៥លាននាក់ ដែលនឹងធ្វើឲ្យពួកគេមានកងទ័ពច្រើនបំផុតលំដាប់ទី ២ បន្ទាប់ពីប្រទេសចិន ។
វិមានក្រឹមឡាំង និយាយថា លោក Putin បានចុះហត្ថលេខាលើក្រឹត្យនេះ កាលពីថ្ងៃចន្ទ ហើយវានឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ។
ចំណាត់ការ បានធ្វើឡើង ខណៈរុស្ស៊ីប្រឈមមុខទៅនឹងតម្រូវការក្នុងការបង្កើនចំនួនកងទ័ពរបស់ខ្លួន ក្នុងពេលការវាយលុកលើអ៊ុយក្រែន ដែលនៅតែបន្ត រយៈពេលជាង ២ឆ្នាំកន្លះ មកនេះ។
លោក Putin បានចុះហត្ថលេខាលើក្រឹត្យដែលស្រដៀងគ្នា កាលពីខែធ្នូឆ្នាំមុន ។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនិយាយថា នេះជាលើកទី ៣ហើយដែលទំហំកងទ័ពត្រូវបានបង្កើន ចាប់តាំងពីការវាយលុកអ៊ុយក្រែន ចាប់ផ្តើម ៕