ក្រុមអាជ្ញាធរសត្វព្រៃ និយាយនៅថ្ងៃអង្គារនេះថា ប្រទេសហ្ស៊ីមបាវ៉េ គ្រោងនឹងសម្លាប់សត្វដំរី ២០០ក្បាលនៅទូទាំងប្រទេស ជាលើកដំបូង ចាប់តាំងពីឆ្នាំ ១៩៨៧ ដើម្បីចិញ្ចឹមមនុស្សក្នុងសហគមន៍ជាច្រើន ដែលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត ។
តំបន់អាហ្វ្រិកខាងត្បូង ប្រឈមនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេល ៤ទសវត្សរ៍កន្លងមកនេះ ក្នុងនោះមនុស្ស ៦៨លាននាក់ ប្រឈមនឹងភាពអត់ឃ្លានដោយសារដំណាំងាប់គ្មានសល់នៅទូទាំងតំបន់ ។
សាច់ដំរីទាំងនេះ នឹងត្រូវចែកចាយដល់តំបន់សហគមន៍ ដែលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត ។
ការសម្លាប់សត្វដំរីនេះ នឹងធ្វើឡើងនៅស្រុក Hwange, Mbire, Tsholotsho និងស្រុក Chiredzi ហើយវាបានកើតមានឡើង បន្ទាប់ពីការសម្រេចចិត្តរបស់ប្រទេសជិតខាងណាមីប៊ីកាលពីខែមុន ដើម្បីសម្លាប់សត្វដំរី ៨៣ក្បាល ហើយនិងចែកចាយសាច់របស់វាដល់មនុស្សរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត ។
សូមបញ្ជាក់ថា សត្វដំរីជាង ២០ម៉ឺនក្បាល ត្រូវបានគេប៉ាន់ប្រមាណថា រស់នៅក្នុងតំបន់អភិរក្សតាមបណ្តាប្រទេសចំនួន ៥នៅភាគខាងត្បូងអាហ្វ្រិក រួមមានប្រទេសហ្ស៊ីមបាវ៉េ សំប៊ី បុតស្វាណា អង់ហ្គោឡា និងណាមីប៊ី គឺជាតំបន់មួយស្ថិតក្នុងចំណោមតំបន់ដែលមានសត្វដំរីរស់នៅច្រើនបំផុតនៅលើពិភពលោក ៕


