ផ្ទះយ៉ាងហោច ៤ខ្នង រងការឆាបឆេះ និងជាង ២០ខ្នងផ្សេងទៀត រងការគំរាមកំហែង ដោយសារភ្លើងឆេះព្រៃដែលលែងអាចគ្រប់គ្រងបាន នៅតំបន់ភាគកណ្តាល និងភាគខាងជើងប្រទេសព័រទុយហ្គាល់ ។
ព័រទុយហ្គាល់ បានស្នើសុំសហភាពអឺរ៉ុបឲ្យបញ្ជូនយន្តហោះពន្លត់អគ្គិភ័យបន្ថែមទៀត ស្របពេលដែលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ព្យាយាមពន្លត់ភ្លើងឆេះព្រៃ ១៥កន្លែង រួមទាំងភ្លើងឆេះព្រៃឆាបឆេះផ្ទះសម្បែងនៅតំបន់ជាយក្រុង Albergaria-a-Velha ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យជាង ៨០០នាក់ បានព្យាយាមពន្លត់ភ្លើងឆេះព្រៃ នៅស្រុកភាគពាយ័ព្យ Aveiro ជាទីដែលក្រុមនគរបាល បានបិទផ្លូវហាយវ៉េរវាងទីក្រុង Lisbon និងទីក្រុង Porto ហើយអ្នកភូមិត្រូវបានជម្លៀសចេញ ។
ក្រុមមន្រ្តីនិយាយថា ភ្នាក់ងារពន្លត់អគ្គិភ័យសរុប ១.៥០០នាក់ បានចូលរួមពន្លត់ភ្លើងឆេះព្រៃនៅទូទាំងប្រទេស ពេលដែលសីតុណ្ហភាពបានកើនឡើងជាង ៣០អង្សាសេ កាលពីចុងសប្តាហ៍កន្លងទៅ ហើយត្រូវបានគេរំពឹងថា សីតុណ្ហភាពអាចនឹងកើនឡើងខ្លាំងជាងនេះ នៅថ្ងៃអង្គារនេះ ។
ក្រុមអាជ្ញាធរ និយាយថា ពួកគេបានបញ្ជូនយន្តហោះពន្លត់អគ្គិភ័យ ៨គ្រឿងទៅពន្លត់ភ្លើងឆេះព្រៃនៅស្រុក Aveiro ហើយរដ្ឋាភិបាលព័រទុយហ្គាល់ បានស្នើសុំយន្តហោះ៨គ្រឿងបន្ថែមទៀត ពីគណកម្មការអឺរ៉ុប ក្រោមយន្តការការពារជនស៊ីវិលសហភាពអឺរ៉ុប ៕