អំឡុងសន្និសីទ ដើម្បីដោះស្រាយការព្រួយបារម្ភ អំពីការពង្រីកការជ្រៀតជ្រែករបស់រុស្ស៊ី នៅក្នុងតំបន់ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock នៅថ្ងៃអង្គារ (ទី១៧ ខែកញ្ញា) នេះ បាននិយាយថា ការគាំទ្រជួយដល់អ៊ុយក្រែន គឺជាការធានានូវភាពរស់រានរបស់ប្រទេសជិតខាងម៉ុលដូវ៉ា។
លោកស្រី Baerbock បាននិយាយថា៖ «អ្វីគ្រប់យ៉ាងដែលយើងធ្វើ ដើម្បីគាំទ្រអ៊ុយក្រែន ក៏មានន័យថា ជំរុញឲ្យមានស្ថេរភាពទាក់ទងនឹងប្រទេសម៉ុលដូវ៉ាដែរ។ វាច្បាស់ណាស់ថា អ្វីដែលជាកង្វល់ដ៏ធំបំផុតរបស់ប្រជាជន នៅទីនេះ គឺថា ប្រសិនបើអ៊ុយក្រែនរងបរាជ័យនោះ ម៉ុលដាវី គឺជាប្រទេសគោលដៅបន្ទាប់»។
គួរបញ្ជាក់ថា លោកស្រី Baerbock កំពុងទៅទស្សនកិច្ចនៅរដ្ឋធានី Chisinau ដើម្បីចូលរួមវេទិកាភាពជាដៃគូម៉ុលដូវ៉ា (Moldova Partnership Platform) រួមជាមួយនឹងសមភាគីរបស់លោកស្រី មកពីប្រទេសបារាំង រូម៉ានី ប៉ូឡូញ ហូឡង់ និងលីទុយអានី។
ប្រទេសអាល្លឺម៉ង់ ដែលជាអ្នកគាំទ្រយោធាដ៏សំខាន់មួយរបស់ទីក្រុងគីវ នៅតំបន់អឺរ៉ុប បានផ្តួចផ្តើមវេទិកានេះ បន្ទាប់ពីរុស្ស៊ីបានលុកលុយអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ដោយបង្ហាញថា កម្មវិធីនេះ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់ម៉ុលដូវ៉ា និងការពារប្រទេសនេះកុំឲ្យទទួលព័ត៌មានខុសការពិត ដែលបង្កើតឡើងដោយរុស្ស៊ី៕