យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា មនុស្សយ៉ាងហោច ១៩នាក់ស្លាប់ក្នុងទឹកជំនន់នៅប្រទេសប៉ូឡូញ ឆេក រ៉ូម៉ានី និងអូទ្រីស ស្របពេលដែលអាកាសធាតុអាក្រក់ កំពុងវាយប្រហារតំបន់អឺរ៉ុប ។
កម្រិតទឹកជំនន់នៅទីក្រុង Nysa ស្ថិតក្នុងតំបន់ភាគខាងត្បូងប្រទេសប៉ូឡូញ បានចាប់ផ្តើមស្រកវិញ ក្រោយអភិបាលក្រុង និយាយថា មនុស្សជាង ៤ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួនកាលពីថ្ងៃចន្ទ ។
ខណៈពេលនោះដែរ ទាហានជាង ៥ពាន់នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីជួយពលរដ្ឋរងគ្រោះនៅតំបន់ភាគខាងត្បូងប្រទេសប៉ូឡូញ ។
ដោយឡែក រដ្ឋធានី Bratislava របស់ប្រទេសស្លូវ៉ាគី និងរដ្ឋធានី Budapest ប្រទេសហុងគ្រី បានត្រៀមខ្លួនផងដែរ សម្រាប់ទឹកជំនន់ធ្ងន់ធ្ងរ ស្របពេលដែលកម្រិតទឹកទន្លេ Danube ហក់ឡើងខ្ពស់ ។
យោងតាមការអះអាងរបស់អង្គការក្រៅរដ្ឋាភិបាលឆេក បានឲ្យដឹងថា សាធារណរដ្ឋឆេក បានជួបប្រទះទឹកជំនន់ដ៏អាក្រក់បំផុត ក្នុងរយៈពេល ២៧ឆ្នាំកន្លងមកនេះ ៕