
ភ្នំពេញ៖ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ប្រភេទបេតុងក្រោមឈើលើប្រកសង្ហ័សី ឆេះអស់ទាំងស្រុង តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៤ល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចផ្លូវលំ ភូមិទ្រា ក្រុមទី១០ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកលតហេតុគេឃើញមានផ្សែងហ៊ុយចេញពីខាងក្នុងផ្ទះ កើតហេតុ ដែលមានយីហោ ស៊ីវ សាំង ចុងភៅទទួលធ្វើម្ហូប ភ្លាមៗនោះបងប្អូបប្រជាពលរដ្ឋបាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងបានអណ្ដាតភ្លើងឡើងកាន់តែធំទៅៗ ក៏រាយការណ៍អាជ្ញាធរមូលដ្ឋាន ទាក់ទងទៅកម្លាំងនគរបាលជំនាញ ខាងការិយាល័យបង្ការ និងពន្លត់ ចេញរថយន្តជាច្រើនគឿងមកទីតាំងកើតហេតុដើម្បីជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា។
នគរបាលជំនាញនៃការិយាល័យបង្ការនិងពន្លត់ បានឲ្យដឹងបន្ថែមទៀតថា ផលលំបាលនៃការជួយបាញ់ពន្លត់ឲ្យបានទាន់ពេលវេលានោះគឺផ្លូវចូលតូចចង្អៀត ធ្វើឲ្យយឺតយ៉ាវរថយន្តចូលដល់ទីតាំងដែលឆេះ។
មន្រ្តីជំនាញបានឲ្យដឹងផងដែរថា ក្នុងប្រតិបត្តិការនេះ រថយន្តពន្លត់អគ្គីភ័យបានមកដល់ទីតាំងកើតហេតុចំនួន១៤គ្រឿង និងប្រើប្រាស់អស់ចំនួន ១៣គ្រឿង ទើបរលត់ជាស្ថាពរ រួមមានរថយន្តការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១១គ្រឿងប្រើប្រាស់ទាំង១១គ្រឿង និងរថយន្តក្រសួងមហាផ្ទៃចំនួន៣គ្រឿង ប្រើប្រាស់ចំនួន២គ្រឿង។ ចំពោះមូលហេតុនៃការឆេះ មន្រ្តីជំនាញសន្ឋិដ្ឋានជំហានដំបូងថាបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី៕ អត្ថបទ៖ កុម្ភះ






