អំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ុលដាវីនាថ្ងៃអង្គារនេះ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បានប្រកាសថា អាល្លឺម៉ង់នឹងផ្តល់ជំនួយ ១១១លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន សម្រាប់រដូវរងានេះ ។
លោកស្រី Baerbock បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានដែលបានធ្វើដំណើរជាមួយលោកស្រីថា ក្តីបារម្ភធំបំផុតរបស់ប្រជាជននៅទីនេះ គឺថាបើសិនជាអ៊ុយក្រែនដួលរលំ អ្នកដែលដល់វេនបន្ទាប់គឺជាប្រទេសម៉ូលដាវី ។
លោកស្រីនិយាយថា នោះហើយបានជាការគំាទ្រអ៊ុយក្រែន មានថាជាការគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ម៉ុលដូវី និងអឺរ៉ុប ។
ខណៈពេលនោះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូនៅពេលយប់របស់លោក កាលពីថ្ងៃចន្ទ ថាលោកបានពិភាក្សាអំពីស្ថានភាពនៅតំបន់ Kursk ជាមួយមេបញ្ជាការជាន់ខ្ពស់ លោក Oleksandr Syrskyi ហើយជារៀងរាល់ថ្ងៃ យើងធ្វើប្រតិបត្តិការ ដូចដែលបានគ្រោងទុក ។
លោក Zelenskiy និយាយថា លោក Syrskyi បានផ្តល់ព័ត៌មានលម្អិតអំពីការរុលចូលទៅមុខយឺតរបស់កងកម្លាំងរុស្ស៊ីទៅភាគខាងកើតអ៊ុយក្រែន ។
លោកនិយាយថា ការប្រយុទ្ធគ្នាចំនួន១០០លើក បានកើតឡើងក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ នៅលើសមរភូមិភាគខាងកើត ដោយមានការប្រយុទ្ធគ្នាខ្លាំងបំផុតដណ្តើមយកផ្នែកនៅតំបន់ Pokrovsk និង តំបន់ Kurakhove ៕
