យោងតាមរបាយការណ៍ចេញនៅថ្ងៃអង្គារនេះ ដោយការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN) បានឲ្យដឹងថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានឃាត់ខ្លួនមនុស្សរាប់ម៉ឺននាក់ ចាប់តាំងពីរដ្ឋប្រហារ ឆ្នាំ ២០២១ ហើយមនុស្សជាង ៥ពាន់នាក់ ត្រូវបានសម្លាប់ ។
យោធា បានក្តោបក្តាប់អំណាចកាលពីខែកុម្ភៈ ឆ្នាំ ២០២១ ក្រោយទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi និងបង្កឲ្យមានបាតុកម្មតាមដងផ្លូវនៅទូទាំងប្រទេស ដែលពួកគេបង្ក្រាបដោយហិង្សា ។
ចាប់តាំងពីពេលនោះមក ចលនាបាតុកម្មនេះ បានប្រែក្លាយជាក្រុមបះបោរប្រដាប់អាវុធ នាំឲ្យមានការប្រឈមដាក់គ្នានៅតាមតំបន់ជាច្រើន បង្ខំឲ្យក្រុមអាជ្ញាធរកេណ្ឌទ័ពនៅក្នុងខែកុម្ភៈនោះ ។
របាយការណ៍របស់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស UN បានផ្អែកលើបទសម្ភាសន៍នៅតាមតំបន់ដាច់ស្រយាលជាមួយជនរងគ្រោះ និងសាក្សីរាប់រយនាក់ ចាប់តាំងពីក្រុមស៊ើបអង្កេត ពុំត្រូវបានអនុញ្ញាតឲ្យចូលតំបន់ទាំងនោះ ។
នៅក្នុងចំណោមពួកគេ មនុស្ស ២.៤១៤នាក់ បានស្លាប់ចន្លោះខែមេសា ឆ្នាំ ២០២៣ និងខែមិថុនា ឆ្នាំ ២០២៤ ដោយពួកគេរាប់រាយនាក់ ត្រូវបានសម្លាប់ដោយសារការវាយប្រហារតាមច្រកអាកាស និងការផ្លោងគ្រាប់កាំភ្លើងធំ ។
របាយការណ៍នេះ បានបញ្ជាក់ផងដែរថា ទំហំនៃការឃាត់ខ្លួននៅទូទាំងប្រទេស មនុស្សជិត ២៧.៤០០នាក់ ត្រូវបានចាប់ខ្លួន ចាប់តាំងពីរដ្ឋប្រហារ ដោយពួកគេភាគច្រើន ត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាមីយ៉ាន់ម៉ា ៕