មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ពុំមានការជាប់ពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកក្នុងការបំផ្ទុះឧបករណ៍ចាប់សញ្ញាអគ្គិសនីនៅប្រទេសលីបង់នោះទេ។

ការលើកឡើងបែបនេះ បានកើតឡើងបន្ទាប់ពីមនុស្សយ៉ាងហោចណាស់៩នាក់បានស្លាប់ និងជិត៣.០០០នាក់ រងរបួសនៅពេលឧបករណ៍នេះផ្ទុះឡើងក្នុងពេលដំណាលគ្នានៅលីបង់។

អ្នកនាំពាក្យកងទ័ពអាកាសលោកឧត្តមសេនីយ Pat Ryder បានប្រាប់អ្នកសារព័ត៌មាននៅពេលសួរថា តើសហរដ្ឋអាមេរិកមានជាប់ពាក់ព័ន្ធក្នុងការផ្ទុះនោះឬទេ ថា តាមខ្ញុំដឹង មិនមានការជាប់ពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកក្នុងរឿងនេះទាល់តែសោះ។

លោកបាននិយាយថា ពុំមានការផ្លាស់ប្តូរចំពោះឥរិយាបថរបស់កងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ាឡើយ នៅពេលត្រូវបានសួរអំពីការផ្លាស់ប្តូរឥរិយាបថកងកម្លាំងអាមេរិកបន្ទាប់ពីការវាយប្រហារនោះ។
លោក Ryder បាននិយាយថា រដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin បាននិយាយទៅកាន់សមភាគីអ៊ីស្រាអែល លោក Yoav Gallant កាលពីថ្ងៃអង្គារ ដោយពុំបានផ្តល់ព័ត៌មានបន្ថែមថាតើប្រមុខការពារជាតិទាំង២ បានហៅទូរស័ព្ទមុន ឬក្រោយការវាយប្រហារនោះទេ។
លោកបានសង្កត់ធ្ងន់ថា យើងជឿជាក់យ៉ាងមុតមាំថា មធ្យោបាយដ៏ល្អបំផុតដើម្បីកាត់បន្ថយភាពតានតឹងនៅតាមព្រំដែនអ៊ីស្រាអែល និងលីបង់ គឺតាមរយៈការទូត ៕