ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ទឹកជំនន់ និងបំណាក់ដីនៅមីយ៉ាន់ម៉ា បង្កឡើងដោយព្យុះទីហ្វុង Yagi កាលពីសប្តាហ៍មុន និងភ្លៀងមូសុងតាមរដូវ បានឆក់យកជីវិតមនុស្សរហូតដល់២៣៦ នាក់ និងមនុស្ស ៧៧ នាក់បានបាត់ខ្លួន។ តួលេខថ្មីនេះរុញឱ្យចំនួនអ្នកស្លាប់សរុបនៅអាស៊ីអាគ្នេយ៍ពីព្យុះនេះ ឡើងដល់៥០០នាក់ ។

ការរកឃើញចំនួនជនរងគ្រោះមានភាពយឺតយ៉ាវ មួយផ្នែកដោយសារបញ្ហាទំនាក់ទំនងជាមួយតំបន់រងគ្រោះ ។គ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរនេះ ត្រូវគេមើលឃើញថា ជាការដាក់បន្ទុកបន្ថែមទៀត លើប្រទេសដែលរងការហែកហូរដោយសង្រ្គាមស៊ីវិល ដែលបានចាប់ផ្តើមក្នុងឆ្នាំ ២០២១ ក្រោយធ្វើ រដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi។

ចំណែកនៅប្រទេសវៀតណាមវិញ កំពុងត្រៀមទប់ទល់ទឹកជំនន់បន្ថែមទៀត ខណៈមានការព្យាករណ៍ពីព្យុះត្រូពិក បង្កើនកម្លាំងទៅជាព្យុះមានឥទ្ធិពល នៅពេលបោកបក់ឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគកណ្តាលរបស់ប្រទេសនេះ ប៉ុន្មានថ្ងៃបន្ទាប់ពីព្យុះទីហ្វុង Yagi បានបង្កជាទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរ ផ្ដាច់ជីវិតមនុស្សជិត៣០០ នាក់នៅភាគខាងជើងប្រទេសវៀតណាម។

ក្រៅតែពីវាយប្រហារនៅវៀតណាម ចិន និងហ្វីលីពីន ព្យុះទីហ្វុង Yagi ដ៏មានឥទ្ធិពលបំផ្លិចបំផ្លាញនេះ បានវាយប្រហារប្រទេសថៃភាគខាងជើង ឆក់យកជីវិតមនុស្ស ៤៣នាក់ និង៤នាក់ នៅប្រទេសឡាវ ។យោងតាមមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ មនុស្ស២១ នាក់បានស្លាប់ និង ២៦ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន នៅក្នុងប្រទេសហ្វីលីពីន ៕