អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បាននិយាយនៅថ្ងៃពុធ (១៨ កញ្ញា) នេះថា ខ្លួនបានប្រទះឃើញក្រុមនាវាផ្ទុកយន្តហោះរបស់ចិន កំពុងធ្វើដំណើរឆ្លងកាត់ដែនទឹកនៃឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនក្នុងទិសដៅទៅកាន់កោះ យ៉ូណាហ្គូនិ (Yonaguni) ភាគខាងត្បូងរបស់ប្រទេសជប៉ុន។

ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ថាជាដែនដីរបស់ខ្លួន បាននិងកំពុងធ្វើសមយុទ្ធជាទៀងទាត់ជុំវិញកោះនេះអស់រយៈពេល ៥ឆ្នាំដើម្បីដាក់សម្ពាធឱ្យកោះនេះទទួលយកការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង បើទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីទីក្រុងតៃប៉ិក៏ដោយ។

អាជ្ញាធរតៃវ៉ាន់និយាយថា ក្រុមនាវាចិន ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះ ឡាវនីង (Liaoning) ត្រូវបានគេប្រទះឃើញនៅព្រឹកព្រលឹមថ្ងៃពុធ ដែលកំពុងធ្វើដំណើរឆ្លងកាត់ដែនទឹកឆ្ពោះទៅភាគឦសាននៃកោះតៃវ៉ាន់។ អាជ្ញាធរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមនោះបានធ្វើដំណើរទៅកាន់ភាគអាគ្នេយ៍នៃកោះ យ៉ូណាហ្គូនិ របស់ជប៉ុន។ តៃវ៉ាន់ បានតាមដាននាវាទាំងនោះ ហើយបានបញ្ជូនកម្លាំងរបស់ខ្លួនទៅត្រួតពិនិត្យ។

ក្រសួងការពារជាតិចិន មិនបានធ្វើការអត្ថាធិប្បាយលើបញ្ហានេះទេ។ កោះ យ៉ូណាហ្គូនិ ស្ថិតនៅចម្ងាយជាង ១០០គីឡូម៉ែត្រ ទៅភាគខាងកើតនៃកោះតៃវ៉ាន់ ហើយអាចមើលឃើញយ៉ាងច្បាស់ពីកោះនេះ។ នាវា ឡាវនីង គឺជានាវាផ្ទុកយន្តហោះចំណាស់ជាងគេក្នុងចំណោមនាវាផ្ទុកយន្តហោះទាំងបីគ្រឿងរបស់ប្រទេសចិន៕