ស្ថាបនិកក្រុមហ៊ុន ហ្គូល អាប៉ូឡូ (Gold Apollo) របស់កោះតៃវ៉ាន់ លោក ស៊ូ ឈីងខ័ង (Hsu Ching-Kuang) បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃពុធ (១៨ កញ្ញា) នេះថា ក្រុមហ៊ុនលោកមិនបានផលិតឧបករណ៍ចាប់សញ្ញាអគ្គិសនីសម្រាប់ទាក់ទង (Pager) ដែលបានផ្ទុះនៅប្រទេសលីបង់ កាលពីថ្ងៃអង្គារទេ។

សូមបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ៩នាក់ត្រូវបានសម្លាប់ និងជិត ៣.០០០នាក់បានរងរបួស នៅពេលឧបករណ៍ចាប់សញ្ញាដែលប្រើប្រាស់ដោយសមាជិកក្រុមហេសបូឡា បានផ្ទុះក្នុងពេលដំណាលគ្នានៅទូទាំងលីបង់ កាលពីថ្ងៃអង្គារ។

រូបភាពនៃឧបករណ៍ចាប់សញ្ញាដែលបានខូចខាត ត្រូវបានវិភាគដោយសារព័ត៌មានរ៉យទ័រ និងបង្ហាញទម្រង់ និងស្ទីគ័រនៅខាងក្រោយ ដែលស្របនឹងឧបករណ៍ដែលបង្កើតឡើងដោយ Gold Apollo។ ប្រភពសន្តិសុខលីបង់ជាន់ខ្ពស់បានប្រាប់រ៉យទ័រថា ក្រុមហេសបូឡា បានបញ្ជាទិញឧបករណ៍ទាក់ទងនោះ ៥.០០០គ្រឿងពីក្រុមហ៊ុន Gold Apollo ដែលមានមូលដ្ឋាននៅតៃវ៉ាន់។

លោក Hsu បាននិយាយថា ឧបករណ៍ដែលស្ថិតក្នុងការផ្ទុះនោះ ត្រូវបានផលិតដោយក្រុមហ៊ុនមួយនៅអឺរ៉ុប ឈ្មោះថា BAC ដែលមានសិទ្ធិប្រើប្រាស់យីហោរបស់ក្រុមហ៊ុនតៃវ៉ាន់។ លោកបាននិយាយថា ផលិតផលនេះមិនមែនជារបស់យើងទេ វាគ្រាន់តែថាវាមានម៉ាករបស់យើងនៅលើនោះប៉ុណ្ណោះ»។ លោក Hsu បន្ថែមថា Gold Apollo ក៏ជាជនរងគ្រោះនៃឧបទ្ទវហេតុនេះដែរ។

ប្រភពពីរដែលដឹងអំពីប្រតិបត្តិការរបស់ក្រុមនេះបានប្រាប់រ៉យទ័រក្នុងឆ្នាំនេះថា អ្នកប្រយុទ្ធហេសបូឡា បានចាប់ផ្តើមប្រើប្រាស់ឧបករណ៍ចាប់សញ្ញាអគ្គិសនីសម្រាប់ទាក់ទងនោះក្នុងជំនឿជាក់ថានឹងអាចគេចពីការតាមដានរបស់អ៊ីស្រាអែល ពីទីតាំងរបស់ពួកគេ៕