គ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងកំណត់ត្រា បានធ្វើឱ្យកម្រិតទឹកនៃទន្លេក្នុងអាងទន្លេតំបន់ព្រៃអាម៉ាហ្សូន បានធ្លាក់ចុះដល់កម្រិតទាបជាប្រវត្តិសាស្ត្រ ដោយកន្លែងខ្លះធ្វើឱ្យបាតទន្លេដែលធ្លាប់ជាផ្លូវទឹកអាចធ្វើដំណើរបានពីមុន ត្រូវស្ងួតហួតហែង។

ទន្លេ សូលីម៉ូស (Solimoes) ដែលជាដៃទន្លេដ៏សំខាន់មួយនៃទន្លេអាម៉ាហ្សូនដ៏ធំល្វឹងល្វើយមានប្រភពទឹកមកពីតំបន់ភ្នំអង់ប្រទេសប៉េរូ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងកំណត់ត្រានៅភូមិ តាបាធីងហ្កា (Tabatinga) របស់ប្រេស៊ីល នៅព្រំដែនជាមួយប្រទេសកូឡុំប៊ី។

ទន្លេនៅតំបន់ តេហ្វេ (Tefé) ដែលហូរពីទន្លេ សូលីម៉ូស បានរីងស្ងួតទាំងស្រុង ខណៈបឹង តេហ្វេ នៅក្បែរនោះ ជាទីដែលសត្វផ្សោតទឹកសាបជាង ២០០ក្បាលបានស្លាប់ក្នុងគ្រោះរាំងស្ងួតកាលពីឆ្នាំមុន ក៏បានរីងស្ងួតផងដែរ។

គ្រោះរាំងស្ងួតធ្ងន់ធ្ងររយៈពេលពីរឆ្នាំជាប់ៗគ្នា បានបំផ្លាញរុក្ខជាតិជាច្រើនរបស់ប្រេស៊ីល និងបណ្តាលឱ្យមានចំហេះព្រៃទូទាំងបណ្ដាប្រទេសនៅអាមេរិកខាងត្បូង ដោយធ្វើឱ្យទីក្រុងនានាគ្របដណ្តប់ដោយផ្សែងដ៏ខ្មួលខ្មាញ់។ នៅទីក្រុង ម៉ាណាអ៊ូស (Manaus) ដែលជាទីក្រុងដ៏ធំបំផុតរបស់តំបន់អាម៉ាហ្សូន កម្រិតទឹកនៃទន្លេ រីអូ ណេហ្គ្រូ (Rio Negro) កំពុងខិតជិតដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងខែតុលា ឆ្នាំមុន៕