វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃអង្គារទី១៧ ខែកញ្ញាថា ប្រទេសរុស្ស៊ីកំពុងបង្កើនចំនួនកងទ័ពរបស់ខ្លួនដល់១,៥លាននាក់ ដោយសារតែមានការគំរាមកំហែង នៅតាមបណ្តោយព្រំដែនរបស់ខ្លួន រួមទាំងអរិភាព នៅលោកខាងលិច។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានឱ្យដឹងថា ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃចន្ទ ដែលបង្កើនចំនួនទាហានរុស្ស៊ីសកម្ម ពី ១៨០.០០០នាក់ រហូតដល់១,៥ លាននាក់ ដោយធ្វើឱ្យកងទ័ពរុស្ស៊ី មានចំនួនច្រើនបំផុតទីពីរ នៅលើពិភពលោកក្នុងទំហំកងទ័ពសកម្ម។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយទៅកាន់អ្នកសារព័ត៌មានថា នេះគឺបណ្តាលមកពីមានការគំរាមកំហែងជាច្រើន សម្រាប់ប្រទេសនៅតាមបរិវេណនៃព្រំដែនរបស់យើង។ លោកនិយាយថា «វាត្រូវបានបង្កឡើងដោយស្ថានភាពអរិភាពយ៉ាងខ្លាំងនៅព្រំដែនភាគខាងលិច និងអស្ថិរភាព នៅព្រំដែនភាគខាងកើត»។
ការបង្កើនកងទ័ពនេះ គឺជាលើកទីបីហើយ ដែលលោកពូទីន បានបញ្ជាចាប់តាំងពីការចាប់ផ្តើមនៃជម្លោះជាមួយអ៊ុយក្រែនក្នុងឆ្នាំ២០២២។

ក្នុងរយៈពេល៦សប្តាហ៍កន្លងទៅនេះ រុស្ស៊ីបានប្រញ៉ាប់ប្រញាល់ប្រមូលកងទ័ពដើម្បីបញ្ឈប់ការវាយលុកឆ្លងព្រំដែនរបស់អ៊ុយក្រែននៅក្នុងតំបន់ Kursk របស់ខ្លួន ហើយក៏បានបង្កើនការវាយលុកនៅភាគខាងកើតអ៊ុយក្រែន ផងដែរ។