កងកម្លាំងស្វ័យការពារជើងគោករបស់ប្រទេសជប៉ុន(GSDF) និងកងទ័ពប្រទេសបារាំង កំពុងធ្វើសមយុទ្ធរួមគ្នានៅក្នុងប្រទេសជប៉ុន ជាលើកដំបូង។
សមយុទ្ធ រួមមានប្រតិបត្តិការប្រឆាំងទ័ពព្រៃ ដែលបានចាប់ផ្តើមនៅក្នុងខេត្ត Miyagi ភាគខាងជើងប្រទេសជប៉ុន។

ប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានអញ្ជើញ កាលពីថ្ងៃអង្គារ ដើម្បីសង្កេតមើលសមយុទ្ធដែលក្លែងប្រដូចពិតៗធ្វើការជួយសង្គ្រោះចំណាប់ខ្មាំងពីក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធ។ ទាហានមកពីកងកម្លាំងប្រទេសទាំងពីរ បានសម្រុកចូលអគារមួយក្នុងតំបន់ទីក្រុង។

មេបញ្ជាការកងពលទី៩ នៃកងកម្លាំងស្វ័យការពារជើងគោករបស់ប្រទេសជប៉ុន(GSDF) លោក Fujioka Fumio បាននិយាយថា លោកជឿជាក់ថា សមយុទ្ធរួមនឹងជួយពង្រឹងទំនុកចិត្ត រវាងប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ឧត្តមសេនីយ Valentin Seiler នៃកងពលរថពាសដែករបស់កងទ័ពបារាំង បាននិយាយថា ប្រទេសបារាំង និងជប៉ុន កំពុងរួមចំណែកក្នុងការទប់ស្កាត់ភាពតានតឹង ដែលកំពុងកើនឡើងនៅក្នុងតំបន់។ លោកនិយាយថា សមយុទ្ធរួមនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស និងការពារជាតិជប៉ុន និងបារាំង កាលពីឆ្នាំមុន ភាគីទាំងពីរបានបញ្ជាក់ពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ហើយបានព្រមព្រៀងធ្វើឲ្យប្រសើរកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។