អ្នកបោះឆ្នោតបានតម្រង់ជួរនៅខាងក្រៅការិយាល័យបោះឆ្នោតក្នុងតំបន់ ជែមមូ (Jammu) និងកាស្មៀរ (Kashmir) របស់ឥណ្ឌា នៅថ្ងៃពុធ (១៨ កញ្ញា) នេះ នៅក្នុងការបោះឆ្នោតថ្នាក់តំបន់លើកដំបូងដែលត្រូវបានរៀបចំឡើងក្នុងរយៈពេលមួយទសវត្សរ៍ នៅក្នុងតំបន់ហិម៉ាឡៃដែលបានជួបនឹងអំពើហិង្សាជាច្រើនឆ្នាំរបស់ពួកសកម្មប្រយុទ្ធ។

អ្នកបោះឆ្នោតដែលបានចុះឈ្មោះ ៩លាននាក់កំពុងជ្រើសរើសសមាជិកនីតិប្បញ្ញត្តិដែលមាន ៩០អាសនៈរបស់តំបន់ ក្នុងការបោះឆ្នោតបីដំណាក់កាល។ សន្លឹកឆ្នោតនឹងត្រូវបានរាប់នៅថ្ងៃទី០៨ ខែតុលា ហើយលទ្ធផលក៏ត្រូវរំពឹងទុកនៅថ្ងៃនោះដែរ។

តំបន់ Jammu និង Kashmir គឺជាទឹកដីតែមួយគត់របស់ឥណ្ឌាដែលមានជនជាតិមូស្លីមភាគច្រើន ហើយជាចំណុចកណ្តាលនៃជម្លោះជាមួយប៉ាគីស្ថានជិតខាងតាំងពីឆ្នាំ១៩៤៧មក។ ទាំងឥណ្ឌា និងប៉ាគីស្ថាន បានទាមទារតំបន់ Kashmir ទាំងស្រុង ប៉ុន្តែគ្រប់គ្រងដោយផ្នែក បន្ទាប់ពីបានប្រយុទ្ធគ្នាពីរលើកក្នុងចំណោមសង្រ្គាមទាំងបីរបស់ពួកគេនៅក្នុងតំបន់។

រហូតមកដល់ឆ្នាំ២០១៩ តំបន់ Jammu និង Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា មានឋានៈពិសេសនៃស្វ័យភាពដោយផ្នែកដែលត្រូវបានដកហូតដោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ណារិន្រ្ទៈ ម៉ូឌី (Narendra Modi)។ កាលពីឆ្នាំមុន តុលាការកំពូលបានទទួលយកសេចក្តីសម្រេចរបស់រដ្ឋាភិបាល និងដាក់កាលបរិច្ឆេទផុតកំណត់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំនេះ សម្រាប់ការបោះឆ្នោតក្នុងស្រុក។
រដ្ឋាភិបាលដែលដឹកនាំដោយបក្ស បារ៉ាត់ទីយ៉ា ចាណាតា (Bharatiya Janata ឬ BJP) របស់លោក Modi បាននិយាយថា ការដកហូតឋានៈពិសេសក្នុងតំបន់ បានស្ដារឡើងវិញនូវប្រក្រតីភាពនៅក្នុងតំបន់ និងជួយដល់ការអភិវឌ្ឍន៍របស់ខ្លួន៕