សេវាអាកាសធាតុរបស់ទីក្រុងហុងកុង បាននិយាយកាលពីថ្ងៃអង្គារ (១៧ កញ្ញា) ថា ទីក្រុងពាណិជ្ជកម្មមួយនេះបានជួបប្រទះសីតុណ្ហភាពអំឡុងពិធីបុណ្យសែនព្រះខែដ៏ក្តៅបំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៨៨៤មក ជាមួយនឹងសីតុណ្ហភាពឡើងដល់ ៣៥,៧អង្សាសេ។

ក្រុមសង្កេតអាកាសធាតុហុងកុង បាននិយាយថា ថ្ងៃអង្គារក៏ជាថ្ងៃក្តៅបំផុតនៃឆ្នាំ២០២៤ របស់ក្រុង ហើយបានជំរុញសាធារណជនឱ្យមានការប្រុងប្រយ័ត្នដូចជាការផឹកទឹកឱ្យបានច្រើន និងជៀសវាងសកម្មភាពខាងក្រៅ។ ទីភ្នាក់ងារបាននិយាយថា «នោះធ្វើឱ្យមានបុណ្យសែនព្រះខែដ៏ក្តៅបំផុតមិនធ្លាប់មានពីមុនមក ហើយក៏ជាកម្រិតខ្ពស់បំផុតរហូតមកដល់ពេលនេះផងដែរ»។

កាលបរិច្ឆេទនៃពិធីបុណ្យនេះជាធម្មតាត្រូវបានប្រារព្ធនៅចន្លោះពាក់កណ្តាលខែកញ្ញា ដល់ដើមខែតុលា ដោយក្រុមគ្រួសារនៅទូទាំងប្រទេសចិន ជួបជុំគ្នាបរិភោគអាហារ នំព្រះខែ និងបង្ហោះចង្កៀងគោម ប៉ុន្តែអ្នកចាំមើលព្រះចន្ទពេញដួងដ៏ស្រង់ស្អាតនៅហុងកុង ត្រូវខកចិត្តដោយសារតែអាកាសធាតុមានពពកក្រាស់ ជាមួយនឹងភ្លៀងធ្លាក់តិចតួច និងព្យុះផ្គររន្ទះនៅពេលយប់។

ទីភ្នាក់ងារអាកាសធាតុនេះបាននិយាយថា បន្ទាប់ពីរដូវក្តៅក្តៅបំផុតដែលមិនធ្លាប់មានក្នុងឆ្នាំ២០២៣មក ទីក្រុងហុងកុងនៅឆ្នាំនេះក៏បានកត់ត្រានូវរដូវក្តៅ «ក្តៅជាងធម្មតា» ជាមួយនឹងសីតុណ្ហភាពជាមធ្យម ២៩,៤អង្សាសេ។ ឆ្នាំក្តៅបំផុតទាំងបីនៅក្នុងប្រវត្តិសាស្រ្តរបស់ហុងកុង ត្រូវបានកត់ត្រាបន្ទាប់ពីឆ្នាំ២០១៨៕