មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បាននិយាយ កាលពីថ្ងៃអង្គារថា កុមារចំនួន ៣,៤លាននាក់មានអាយុក្រោម៥ឆ្នាំ កំពុងស្ថិតក្នុងហានិភ័យខ្ពស់នៃជំងឺរាតត្បាតរាលដាល នៅក្នុងប្រទេសស៊ូដង់។

អ្នកតំណាងអង្គការយូនីសេហ្វប្រចាំប្រទេសស៊ូដង់ លោក Sheldon Yett ត្រូវបានដកស្រង់សម្តីដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ដោយមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ នៅក្នុងប្រទេស ជំងឺនានា ដូចជា ជំងឺអាសន្នរោគ គ្រុនចាញ់ គ្រុនឈាម កញ្ជ្រឹល និងជំងឺស្អូច អាចរីករាលដាលបានកាន់តែលឿន និងធ្វើឲ្យធ្ងន់ធ្ងរខ្លាំង នូវទស្សនវិស័យសម្រាប់កុមារនៅក្នុងរដ្ឋដែលរងផលប៉ះពាល់ និងហួសពីនេះ។
លោក បាននិយាយថា វិបត្តិ បានផ្តើមចេញពីការធ្លាក់ចុះខ្លាំងនៃអត្រាចាក់វ៉ាក់សាំង និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសុខភាព ទឹក និងអនាម័យ ដោយសារតែជម្លោះផ្ទៃក្នុង ដែលនៅតែបន្ត។

លោកនិយាយថា ស្ថានភាពអាហារូបត្ថម្ភ ធ្លាក់ចុះយ៉ាប់យ៉ឺនសម្រាប់កុមារច្រើននាក់នៅក្នុងប្រទេសស៊ូដង់ ដែលធ្វើឱ្យពួកគេប្រឈមហានិភ័យកាន់តែខ្លាំងឡើង។ សេចក្តីថ្លែងការណ៍បាននិយាយថា អង្គការយូនីសេហ្វ បានដឹកជញ្ជូនវ៉ាក់សាំងជំងឺអាសន្នរោគចំនួន៤០៤.០០០ដូស ដល់ប្រទេសស៊ូដង់ កាលពីថ្ងៃទី៩ ខែកញ្ញា។
យោងតាមអង្គការយូនីសេហ្វបានឲ្យដឹងថា ការគ្របដណ្តប់ការចាក់វ៉ាក់សាំងនៅក្នុងប្រទេសស៊ូដង់បានធ្លាក់ចុះប្រហែល៥០ភាគរយ ពីចំនួន៨៥ភាគរយ មុនពេលមានជម្លោះផ្ទៃក្នុង។ អង្គការនេះនិយាយថាមន្ទីរពេទ្យច្រើនជាង៧០ភាគរយនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះ មិនដំណើរការ ហើយបុគ្គលិកថែទាំសុខភាពជួរមុខ ពុំទទួលបានប្រាក់ខែជាច្រើនខែមកហើយ។
ចាប់តាំងពីការផ្ទុះឡើងនៃការប្រយុទ្ធគ្នារវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សក្នុងខែមេសា ឆ្នាំ២០២៣ ជំងឺរាតត្បាត ដូចជាជំងឺអាសន្នរោគ គ្រុនចាញ់ កញ្ជ្រឹល និងគ្រុនឈាម បានរីករាលដាល បណ្តាលឱ្យមនុស្សរាប់រយនាក់ស្លាប់ ហើយជម្លោះក៏បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៦.៦៥០នាក់ស្លាប់ និងរាប់លាននាក់ ភៀសខ្លួន។
ក្រសួងសុខភាពរបស់ប្រទេសស៊ូដង់ បាននិយាយកាលពីថ្ងៃអង្គារថា ករណីជំងឺអាសន្នរោគចំនួន ១០.០២២ រួមទាំងអ្នកស្លាប់ចំនួន៣២៨នាក់ ត្រូវបានកត់ត្រានៅក្នុងប្រទេសនេះ ចន្លោះពីថ្ងៃទី១៥ ខែកក្កដា រហូតដល់ថ្ងៃច័ន្ទដើមសប្តាហ៍នេះ។