ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ជាលើកដំបូងក្នុងរយៈពេល ៤សប្តាហ៍ ដែលពួកគេអាចទៅដល់ភាគខាងជើងតំបន់ហ្កាហ្សា ដោយដឹកនាំបេសកកម្មវាយតម្លៃអន្តរទីភ្នាក់ងារមួយ ទៅកាន់ទីក្រុងហ្កាហ្សា។

ទោះបីជាយ៉ាងណាក៏ដោយ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា ខ្លួនអាចទៅដល់ភាគខាងជើងដោយរង់ចាំជាង ៥ ម៉ោងមុន និងនៅប៉ុស្តិ៍ត្រួតពិនិត្យរបស់អ៊ីស្រាអែល នៅលើផ្លូវឆ្នេរសមុទ្រនេះ។ ការចូលទៅកាន់ភាគខាងជើង នៅតែមានការរឹតបន្តឹងយ៉ាងតឹងតែងសម្រាប់បុគ្គលិកជំនួយមកពីអង្គការសហប្រជាជាតិ។

អង្គការ OCHA បានអះអាងថា ក្នុងអំឡុងពេលកន្លះខែនេះ ក្នុងចំណោមបេសកកម្មជិត ៥០ ដែលដឹកនាំដោយភ្នាក់ងារUN ចំនួន ៧ផ្សេងគ្នាដែលទាំងអស់នេះត្រូវបានសម្របសម្រួលយ៉ាងពេញលេញជាមួយអាជ្ញាធរអ៊ីស្រាអែល មានតែមួយភាគបួនប៉ុណ្ណោះដែលអាចឆ្លងកាត់ទៅភាគខាងជើងតាមរយៈប៉ុស្តិ៍ត្រួតពិនិត្យរបស់អ៊ីស្រាអែលតាមបណ្តោយឆ្នេរ Wadi Gaza។

ការិយាល័យនេះ បាននិយាយថា៖«សូម្បីតែនៅពេលដែលបេសកកម្មទាំងនេះ អាចឆ្លងកាត់ផុត ពួកគេតែងតែប្រឈមនឹងឧបសគ្គនៅតាមផ្លូវ ដោយក្បួនរថយន្តមួយចំនួន បានឈប់ដោយកាំភ្លើង បាញ់ប្រហារ ឬបង្ខំឲ្យរង់ចាំរាប់ម៉ោងនៅកណ្តាលតំបន់សង្រ្គាម»។ «ឧប្បត្តិហេតុទាំងនេះ បានបង្កហានិភ័យដែលមិនអាចទទួលយកបានចំពោះសុវត្ថិភាពបុគ្គលិករបស់យើង និងបានរារាំងបេសកកម្មទាំងនេះ ពីការបំពេញការងារសង្គ្រោះជីវិតរបស់ពួកគេ»។