ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃអង្គារ (ទី១៧ ខែកញ្ញា) បានអំពាវនាវឲ្យភាគីមានជម្លោះជាមួយគ្នារបស់ប្រទេសស៊ូដង់ចូលរួមក្នុងការចរចាឡើងវិញ ដើម្បីបញ្ចប់សង្រ្គាមដែលបន្តមានអស់រយៈពេលជាង ១៧ខែមកហើយ។

តាមរយៈសេចក្តីថ្លែងការណ៍ លោក Biden បានលើកឡើងថា៖ «យើងអំពាវនាវឲ្យភាគីជម្លោះទាំងអស់ បញ្ចប់អំពើហិង្សានេះ ហើយចៀសវាងការដុតបញ្ឆេះសង្គ្រាមនេះបន្ថែមទៀត ដើម្បីអនាគតប្រទេសស៊ូដង់ និងប្រជាជនស៊ូដង់ទាំងអស់»។

លោកបានបន្ថែមថា៖ «ខ្ញុំអំពាវនាវឲ្យភាគីបង្កើតសង្គ្រាមដែលត្រូវទទួលខុសត្រូវ ចំពោះទុក្ខវេទនារបស់ប្រជាជនស៊ូដង់ គឺកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័ស (RSF) ដកកងកម្លាំងរបស់ពួកគេ ជួយសម្រួលដល់លទ្ធភាពចូលរបស់ក្រុមមនុស្សធម៌ ដែលត្រូវបានរារាំង និងចូលរួមការចរចាឡើងវិញ ដើម្បីបញ្ចប់សង្គ្រាមនេះ»។

គួរបញ្ជាក់ថា មនុស្សជាង ១២.០០០នាក់ ត្រូវបានសម្លាប់នៅទូទាំងប្រទេសស៊ូដង់ គិតចាប់តាំងពីសង្រ្គាមនេះ បានចាប់ផ្តើមនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។ ជម្លោះនោះបានចាប់ផ្តើមនៅពេលដែលការប្រយុទ្ធគ្នា រវាងកងទ័ពរបស់ស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) ដែលធ្លាប់បានចែករំលែកអំណាចគ្នាបន្ទាប់ពីធ្វើរដ្ឋប្រហារ បានផ្ទុះឡើងទៅជាសង្គ្រាមយ៉ាងបើកចំហ។

កន្លងមក សហរដ្ឋអាមេរិកបានកំណត់ថា ភាគីទាំង២ បានប្រព្រឹត្តបទឧក្រិដ្ឋកម្មសង្គ្រាម និងដាក់ទណ្ឌកម្មបុគ្គល និងអង្គភាពចំនួន ១៦ ដែលជាប់ពាក់ព័ន្ធក្នុងសង្គ្រាមនេះ៕