ប្រធានាធិបតីអេហ្ស៊ីប អាប់ដែល ហ្វាតា អាល់ស៊ីស៊ី (Abdel-Fattah al-Sisi) និងព្រះមហាក្សត្រហ្ស៊កដានី អាប់ឌីលឡាទី២ (Abdullah II)កាលពីថ្ងៃអង្គារ បានព្រមានពីគ្រោះថ្នាក់នៃសង្គ្រាមអ៊ីស្រាអែលដែលកំពុងបន្តនៅតំបន់ហ្កាហ្សាស្ទ្រីប និងការរំលោភកាន់តែខ្លាំងឡើងនៅតំបន់វេសបែង(West Bank)។
ការិយាល័យប្រធានាធិបតីអេហ្ស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ មេដឹកនាំទាំងពីរ បានសង្កត់ធ្ងន់លើការវិវឌ្ឍនាពេលថ្មីៗនេះ អាចបង្កើនជម្លោះដែលជះឥទ្ធិពលអវិជ្ជមាន ដល់ប្រជាជនទាំងអស់នៃតំបន់នេះ ក៏ដូចជាសន្តិភាព និងសន្តិសុខអន្តរជាតិ។
ពួកគេ បានបញ្ជាក់ឡើងវិញនូវការបដិសេធរបស់ពួកគេចំពោះការប៉ុនប៉ងទាំងអស់ដែលធ្វើខូចដល់បុព្វហេតុប៉ាឡេស្ទីន ឬបង្វែរទឹកដីប៉ាឡេស្ទីនទៅជាតំបន់ដែលមិនអាចរស់នៅបាន ដើម្បីបង្ខំឲ្យមានការផ្លាស់ទីលំនៅរបស់ប៉ាឡេស្ទីន។
មេដឹកនាំទាំងពីរ បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ ដើម្បីបញ្ចប់សង្រ្គាមនេះជាបន្ទាន់ និងជួយសង្គ្រោះតំបន់ហ្កាហ្សាពីមហន្តរាយមនុស្សធម៌ដ៏បំផ្លិចបំផ្លាញ។
អ៊ីស្រាអែល បានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីសងសឹកប្រឆាំងនឹងការវាយលុករបស់ក្រុមហាម៉ាសឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១.២០០នាក់ ត្រូវបានសម្លាប់ និងប្រហែល ២៥០នាក់ ត្រូវបានចាបពង្រត់។