ស៊ីហ្គេម៖ ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានធ្វើការលើកទឹកចិត្ត និងជំរុញឲ្យសហព័ន្ធកីឡាជាតិទាំងអស់ត្រូវពន្លឿនបន្ថែម ក្នុងការបណ្ដុះបណ្ដាលធនធានមន្ត្រីបច្ចេកទេសតាមប្រភេទកីឡានីមួយៗ ដើម្បីត្រៀមរៀបចំ និងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលនៅសល់រយៈពេលប្រមាណ ៥៨៨ថ្ងៃទៀត។
មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំដដែលបានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំការប្រកួតកីឡាជាតិលើកទី៣ នាចុងឆ្នាំ២០២២ កាលពីថ្មីៗ ដោយឯកឧត្តមបានបញ្ជាក់ថា ប្រសិនមានការយឺតយ៉ាវក្នុងការផលិតធនធានមន្ដ្រីបច្ចេកទេស កម្ពុជានឹងត្រូវខាតបង់មួយផ្នែកលើការនាំយកមន្ដ្រីបច្ចេកទេសពីក្រៅមកជួយ។ មួយវិញទៀត ឯកឧត្តម សុខ សប្បាយណា បានលើកទឹកចិត្តឲ្យសហព័ន្ធត្រូវបែងចែកការងារ ២ ឲ្យដាច់ពីគ្នារវាងការរៀបចំជាព្រឹត្តិការណ៍ និងការងារហ្វឹកហាត់បណ្ដុះបណ្ដាលដើម្បីដណ្ដើមមេដាយ។
ជុំវិញការងារបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសនេះ កន្លងមកឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ធ្លាប់បានក្រើនរំឮកជារឿយៗដល់បណ្ដាសហព័ន្ធកីឡាជាតិ ក្នុងការស្វះស្វែងរកមធ្យោបាយ និងបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសកម្រិតខ្ពស់ ឈានទៅរកការទទួលស្គាល់ជាអន្ដរជាតិ ដើម្បីមានសិទ្ធកាត់សេចក្ដីក្នុងការប្រកួតអន្ដរជាតិ ព្រោះវាជាផ្នែកមួយនៃយុទ្ធសាស្ដ្រយកប្រៀបក្នុងកីឡា តាមរយៈការផ្ដល់នូវយុត្តិធម៌ពិតប្រាកដអត្តពលិករបស់ខ្លួន ដែលធ្វើការប្រកួតលើប្រភេទកីឡាអ្វីមួយ ពិសេសព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះនាឆ្នាំ២០២៣ តែម្ដង៕
អត្ថបទ៖ លី ឈុនឡា