មន្ត្រីក្រុមហាម៉ាសម្នាក់ បាននិយាយកាលពីថ្ងៃអង្គារថា មេដឹកនាំចលនានេះ លោក យ៉ាយ៉ា ស៊ីនវ់ា ( Yahya Sinwar) នឹងបន្តនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ( Gaza Strip) ហើយសុខចិត្តស្លាប់ ដើម្បីប៉ាឡេ ស្ទីន។
លោក អូសាម៉ា ហាមដាន (Osama Hamdan) សមាជិកការិយាល័យនយោបាយរបស់ហាម៉ាស បានប្រាប់ទូរទស្សន៍ Al-Aqsa ថា៖«លោក ស៊ីនវ៉ា បានរៀបនិងសម្លាប់ខ្លួនរាប់ដងមិនអស់ នៅប៉ាឡេស្ទីន ហើយលោក នឹងមិនចាកចេញពីដែនដីនេះទេ»។
សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងសំណើរបស់អ៊ីស្រាអែលនាពេលថ្មីៗនេះដែលផ្តល់នូវច្រកចេញប្រកបដោយសុវត្ថិភាពសម្រាប់លោក ស៊ីនវ៉ា ពីតំបន់ហ្កាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល។
អ្នកសម្របសម្រួលដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល លោក Gal Hirsch បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកនៅដើមខែនេះថា ប្រសិនបើចំណាប់ថ្នូរដែលនៅសល់ទាំង ១០១នាក់ ត្រូវបានបញ្ជូនមកវិញ អ៊ីស្រាអែលនឹងពិចារណាផ្តល់ផ្លូវសុវត្ថិភាពសម្រាប់លោក ស៊ីនវ៉ា និងអ្នកផ្សេងទៀត ដែលចង់ចាកចេញពីតំបន់ហ្កាហ្សា ជាមួយគាត់។
អ៊ីស្រាអែល បានចោទលោក ស៊ីនវ៉ា ដែលជាឥស្សរជាន់ខ្ពស់របស់ក្រុមហាម៉ាសថា ជាអ្នករៀបចំផែនការសម្រាប់ការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលក្នុងនោះ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានសម្លាប់មនុស្សចំនួន ១២.00នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល និងបានចាប់ចំណាប់ថ្នូរជាង ២៥០ នាក់។
នៅដើមខែសីហា លោក ស៊ីនវ៉ា ត្រូវបានតែងតាំងជាប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស បន្តពីលោក អ៊ីស្មេល ហានីយេ (Ismail Haniyeh) ដែលត្រូវបានសម្លាប់ក្នុងទីក្រុងតេអេរ៉ង់ ខណៈចូលរួមក្នុងពិធីស្បថចូលកាន់តំណែងប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់លោក Masoud Pezeshkian នៅចុងខែកក្កដា។