ដៃគូក្នុងសម្ព័ន្ធ Aukus គឺប្រទេសអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក នៅពុធថ្ងៃ (ទី១៨ ខែកញ្ញា) នេះ បានប្រាប់ឲ្យដឹងថា ពួកគេកំពុងពិភាក្សាជាមួយកាណាដា ជប៉ុន និងនូវែលសេឡង់ អំពីកិច្ចសហប្រតិបត្តិការនាពេលខាងមុខ លើគម្រោងបច្ចេកវិទ្យាការពារជាតិ។
គួរបញ្ជាក់ថា ភាពជាដៃគូបច្ចេកវិទ្យាការពារជាតិរបស់ Aukus នឹងបញ្ជូននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទៅកាន់ប្រទេសអូស្ត្រាលី ក្នុងទសវត្សរ៍ក្រោយ ហើយកំពុងសហការលើការអភិវឌ្ឍអាវុធទំនើបផ្សេងទៀតដែលពួកគេនិយាយថា នឹងជំរុញការការពារ នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចំពេលមានការព្រួយបារម្ភអំពីការបង្កើនកងនាវាចររបស់ប្រទេសចិន។
បណ្ដាមេដឹកនាំអូស្ត្រាលី អង់គ្លេស និងអាមេរិក បាននិយាយថា ដៃគូថ្មីអាចរួមចំណែកដល់អ្វីដែលគេហៅថា Aukus Pillar Two (សសរស្តម្ភទី២ របស់ Aukus) ដែលមិនពាក់ព័ន្ធនឹងនាវាមុជទឹកនុយក្លេអ៊ែរ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីប្រារព្ធខួបលើកទី៣ របស់ Aukus មេដឹកនាំទាំងនោះបានលើកឡើងថា៖ «យើងកំពុងពិភាក្សាជាមួយប្រទេសកាណាដា នូវែលសេឡង់ និងជប៉ុន ដើម្បីកំណត់លទ្ធភាព សម្រាប់ការសហការលើសមត្ថភាពកម្រិតខ្ពស់ក្រោមកម្មវិធី Aukus Pillar Two»។
នៅខែកញ្ញានេះ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន រដ្ឋមន្ត្រីការពារជាតិកាណាដា លោក Bill Blair បាននិយាយថា ប្រទេសរបស់លោកកំពុងពិភាក្សាជាមួយសម្ព័ន្ធ Aukus អំពីការចូលរួមក្នុងគម្រោងនានា ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអ្វីឡើយ៕