ក្រសួងការបរទេសកាតា បានបញ្ជាក់កាលពីថ្ងៃអង្គារថា កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរួមគ្នាឆ្ពោះទៅរកការឈានដល់បទឈប់បាញ់នៅតំបន់ហ្កាហ្សាស្ទ្រីប កំពុងដំណើរការ។
អ្នកនាំពាក្យក្រសួងការបរទេស លោក Majed Al-Ansari បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា៖«ប្រទេសកាតា នៅតែបន្តសម្របសម្រួលជាមួយអេហ្ស៊ីប ប៉ាឡេស្ទីន និងដៃគូអន្តរជាតិ ដើម្បីសម្រេចបានបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងគ្រប់ជ្រុងជ្រោយនៅតំបន់ហ្កាហ្សា»។
លោកបាននិយាយថា គោលដៅរបស់កាតា គឺដើម្បី «ទប់ទល់នឹងជម្លោះ និងទប់ស្កាត់មិនឲ្យរាលដាលនៅក្នុងតំបន់» ដោយលោកបានព្រមានអំពីផលប៉ះពាល់កាន់តែខ្លាំងឡើងដែលអាចកើតឡើងពីជម្លោះនៅក្នុងតំបន់នេះ។
លោកបានបញ្ជាក់ឡើងវិញនូវជំហររបស់ប្រទេសកាតាថា៖«ដំណោះស្រាយរដ្ឋពីរ នៅតែជាផ្លូវតែមួយគត់ដើម្បីសម្រេចបាននូវសន្តិភាព និងសន្តិសុខយូរអង្វែង» ក៏ដូចជាការអំពាវនាវរបស់ខ្លួនឲ្យស្ដារការគ្រប់គ្រងពេញលេញនៃច្រកព្រំដែនរ៉ាហ្វា (Rafah) និងព្រំដែនផ្សេងទៀត ទៅកាន់អាជ្ញាធរប៉ាឡេស្ទីន និងការដកខ្លួនចេញទាំងស្រុងរបស់កងកម្លាំងអ៊ីស្រាអែលពីតំបន់ហ្កាហ្សារួមទាំងច្រករបៀងហ្វីឡាដែលហ្វៀ ( Philadelphia) ។
អ៊ីស្រាអែល បានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ដើម្បីសងសឹកនឹងការវាយលុករបស់ក្រុមហាម៉ាសឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១២.00 នាក់ ត្រូវបានសម្លាប់ និងប្រហែល ២៥០នាក់ទៀត ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ។