ភ្នំពេញ ៖ ទីបំផុតរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចឲ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដោយចាប់ផ្តើមពីវេនកាន់បិណ្ឌទី៤នេះតទៅ រហូតដល់បុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩ បន្ទាប់ពីមានព្រះសង្ឃតាជីយាយជី និងពុទ្ធបរិស័ទមួយចំនួនបានកើតមេរោគកូវីដ១៩ ។
យោងតាមសេចក្តីសម្រេច ដែលបានចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាយប់ថ្ងៃទី២៣ ខែកញ្ញាម្សិលមិញនេះ បានលើកឡើងថា ក្នុងរយៈពេល២ថ្ងៃនៃការរៀបចំពិពីបុណ្យកាន់បិណ្ឌកន្លងទៅនេះ រាជរដ្ឋាភិបាលពិនិត្យឃើញថា មានការជួបជុំ និងប្រមូលផ្តុំមនុស្សជាច្រើននៅតាមបណ្តាវត្តអារាម ដើម្បីប្រារព្ធពិធីកាន់បិណ្ឌ ដែលមិនអាចធានាបានការអនុវត្តត្រឹមត្រូវតាមវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាល ទ្រង់ទ្រាយធំនៅទូទាំងប្រទេសនៃជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា(Delta) ដែលវាមានកម្រិតនៃការឆ្លងយ៉ាងឆាប់រហ័សនោះ។
យោងលើភាពចាំបាច់ក្នុងការបន្តគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេសដើម្បីធានា ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ខណៈដែលព្រះរាជាណាចក្រកម្ពុជាកំពុងដំណើរ ការបើកសាលារៀនឡើងវិញ ក៏ដូចជាកំពុងរៀបចំផែនការដើម្បីឈានឆ្ពោះទៅបើកដំណើរប្រទេសពេញលេញឡើងវិញ នាពេលខាងមុខនោះ រាជរដ្ឋាភិបាលសម្រេច«ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ។
គណៈអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការសម្របសម្រួលជាមួយយន្តការ ដែលមានការពាក់ព័ន្ធទំាងអស់ ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេន ដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានា ដែលស្ថិតនៅក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន»។
យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលប្រកាសឲ្យផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះក្តី ប៉ុន្តែ រាជរដ្ឋាភិបាលរក្សាការឈប់សម្រាករយៈពេល៣ថ្ងៃសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ដែលត្រូវបានកំណត់ ដោយអនុក្រឹត្យលេខ១៣១អនក្រ.បកចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្រ្តីរាជកា និយោជិត កម្មករប្រចាំឆ្នាំ២០២១ដដែលនោះ។តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលនេះ ក៏បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន គណៈអភិបាលរាជធានី-ខេត្ត អាជ្ញាធរ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចាត់ចែងអនុវត្តជាបន្ទាន់ និងឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ ដើម្បីធ្វើយ៉ាងណាធានានៃការទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩នេះ ឆ្លងចូលសហគមន៍កាន់តែខ្លាំងក្លាបន្ថែមទៀតនោះ៕
អត្ថបទ ៖ បាន ចក់
