រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyyed Abbas Araghchi បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការដាក់គោលដៅលើពលរដ្ឋលីបង់ក្នុងការបំផ្ទុះឧបករណ៍ចាប់សញ្ញាអគ្គិសនី ក្នុងពេលដំណាលគ្នា នៅក្នុងរដ្ឋអារ៉ាប់ ដោយបានហៅវាថា ជា «សកម្មភាពភេរវកម្មរបស់អ៊ីស្រាអែល»។
លោកបានធ្វើការអត្ថាធិប្បាយនេះ ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីលីបង់លោក Abdallah Bou Habib កាលពីថ្ងៃអង្គារ បន្ទាប់ពីឧបករណ៍ចាប់សញ្ញាអគ្គិសនីទាំងនោះ បានផ្ទុះឡើង ក្នុងពេលដំណាលគ្នា នៅកាលព្រឹកម្សិលមិញ នៅទូទាំងប្រទេសលីបង់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨នាក់ និងរបួសជាង ២៨.00នាក់ផ្សេងទៀត រួមទាំងសមាជិកក្រុមហេសបូឡាផងដែរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់។
លោក Araghchi បានសម្តែងនូវសាមគ្គីភាព និងបានចូលរួមរំលែកទុក្ខដល់ប្រទេសលីបង់ ដោយបាន សម្តែងការត្រៀមខ្លួនរបស់អ៊ីរ៉ង់ ក្នុងការផ្តល់ជំនួយក្នុងការព្យាបាលអ្នករបួស ឬបញ្ជូនពួកគេទៅកាន់ទីក្រុងតេអេរ៉ង់។
លោកបាននិយាយសំដៅដល់អ្នករងរបួស គឺឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសលីបង់ លោក Mojtaba Amani ក្នុងឧបទ្ទវហេតុនេះ ហើយបានថ្លែងអំណរគុណដល់រដ្ឋាភិបាលលីបង់សម្រាប់វិធានការភ្លាមៗ ក្នុងការព្យាបាលបេសកជនអ៊ីរ៉ង់នេះ។